ឡាវរំពឹងថានឹងទទួលបាន​ភ្ញៀវ​ទេសចរ​យ៉ាង​ហោច​ណាស់ ៤,៦លាន​នាក់នៅ​ក្នុង​ឆ្នាំ ២០២៤

0

បរទេស៖ រដ្ឋាភិបាលឡាវ សហគមន៍ធុរកិច្ច និងប្រជាជនឡាវកំពុងរៀបចំយ៉ាងម៉ត់ចត់សម្រាប់កម្មវិធីទស្សនាប្រទេសឡាវឆ្នាំ២០២៤ ដែលកំណត់គោលដៅភ្ញៀវទេសចរក្នុងស្រុក និងបរទេសយ៉ាងហោចណាស់ ៤,៦លាននាក់ និងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៧១២លានដុល្លារអាម៉េរិក។

នាពេលកន្លងមក អាជ្ញាធរមូលដ្ឋានបានរួមដៃគ្នាជាមួយក្រុមហ៊ុនធុរកិច្ច ដើម្បីកែលម្អតំបន់ទេសចរណ៍ រៀបចំវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ និងលើកកម្ពស់ប្រជាប្រិយភាពទេសចរណ៍។

ពួកគេបានដំឡើងផ្លាកសញ្ញាបង្ហាញនៅតាមផ្លូវដែលតភ្ជាប់ទៅកាន់ប្រទេសជិតខាង និងនាំទៅកាន់តំបន់ទេសចរណ៍ដែលមានការទាក់ទាញ ការកែលម្អកន្លែងសម្រាប់ភ្ញៀវទេសចរ និងណែនាំនូវសកម្មភាពមួយចំនួន ដូចជាការឡើងភ្នំ និងការបោះជំរុំជាដើម។

ជាងនេះទៅទៀត វិញ្ញាបនបត្រសុវត្ថិភាព និងបច្ចេកទេសត្រូវបានចេញសម្រាប់ប្រតិបត្តិករទេសចរណ៍ដែលផ្តល់ជូននូវសកម្មភាពជិះស្គី ឡើងភ្នំ និងសកម្មភាពបង្ហោះបាឡុង។

ក្នុងដំណើរទស្សនកិច្ចមួយកាលពីពេលថ្មីៗនេះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសបូទែននៅក្នុងខេត្តលួងណាំថានៅភាគខាងជើងប្រទេសឡាវដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិន នាយករដ្ឋមន្ត្រីឡាវ លោក សុនិស្ស័យ ស៊ីផាដូន បានស្នើឱ្យគណៈគ្រប់គ្រងតំបន់នោះធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងរៀបចំសកម្មភាពទេសចរណ៍សម្រាប់ព្រឹត្តិការណ៍ឆ្នាំទេសចរណ៍ឡាវ។

យោងតាមក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវបានឱ្យដឹងថា កម្មវិធីទស្សនាប្រទេសឡាវឆ្នាំ២០២៤ នឹងមានសកម្មភាពចំនួន៧៥ ដែលក្នុងនោះ មានសកម្មភាពចំនួន១៤ នឹងត្រូវធ្វើឡើងនៅថ្នាក់ជាតិ និងសកម្មភាពចំនួន៦១ ធ្វើឡើងនៅតាមមូលដ្ឋានផ្សេងៗ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា