បរទេស៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ (MAFRA) របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថា ប្រទេសនេះកំពុងឈានមុខគេនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងអាហារក្នុងតំបន់អាស៊ាន។
ក្រសួង MAFRA បានបង្ហាញថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងផ្គត់ផ្គង់អង្ករចំនួន ២.០០០តោនសម្រាប់ប្រទេសជាសមាជិកអាស៊ានចំនួនបី ដែលរួមមានប្រទេសហ្វីលីពីន (៧៥០តោន) ប្រទេសមីយ៉ាន់ម៉ា (៧៥០តោន) និងប្រទេសឡាវ (៥០០តោន) តាមរយៈកិច្ចព្រមព្រៀងបម្រុងអង្ករគ្រាអាសន្នអាស៊ានបូកបី (APTERR)។
ទុនបម្រុងអង្កររួមគ្នាក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងកូរ៉េខាងត្បូង ចិន និងជប៉ុន មានគោលបំណងធានាឱ្យបាននូវសន្តិសុខស្បៀងអាហារ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងគ្រាខ្វះខាតស្បៀងអាហារ ឬគ្រោះមហន្តរាយធម្មជាតិ។ ប្រទេសជាសមាជិកនីមួយៗព្រមព្រៀងកក់ទុកចំនួនអង្ករជាមុន។ វាគឺជាប្រព័ន្ធបម្រុងសាធារណៈដែលផ្តល់ជូនការលក់ ផ្តល់ប្រាក់កម្ចី និងការបរិច្ចាគក្នុងគ្រាមានអាសន្ន។
ប្រទេសកូរ៉េខាងត្បូងកំពុងបង្កើនចំនួនជំនួយអង្ករទ្វេដង ដើម្បីពង្រឹងសន្តិសុខស្បៀងអាហារក្នុងតំបន់អាស៊ាន និងផ្តល់អង្ករចំនួន ២.៥០០តោនដល់ប្រទេសមីយ៉ាន់ម៉ា ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារព្យុះទីហ្វុងកាលពីខែឧសភា។
បន្ទាប់ពីបានចូលរួមជាមួយកិច្ចព្រមព្រៀង APTERR នៅក្នុងឆ្នាំ២០១៧ ប្រទេសកូរ៉េខាងត្បូងបានផ្តល់អង្ករសរុបចំនួន ១៩.០០០តោនដល់សមាជិកនៃកិច្ចព្រមព្រៀង APTERR ដែលបានក្លាយជាម្ចាស់ជំនួយដ៏ធំបំផុតដែលស្មើនឹង ៦០% នៃទុនបម្រុងអង្ករសរុបដែលមានចំនួន ៣២.០០០តោន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា