ឥណ្ឌូណេស៊ីនឹងសាងសង់ផ្លូវរថភ្លើងធុនស្រាលនៅលើកោះបាលី

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី លោក លូហ៊ុត ប៊ីនសារ ប៉ាន់ចៃតាន់ បាននិយាយកាលពីថ្ងៃទី២៧ ខែកញ្ញាថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូណេស៊ីបានកំណត់គោលដៅលើគម្រោងផ្លូវរថភ្លើងធុនស្រាល (LRT) នៅលើកោះបាលី ដើម្បីចាប់ផ្តើមបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៤។

លោក​បាននិយាយ​បន្ត​ថា ការ​សិក្សា​នេះ​ត្រូវ​បាន​អនុវត្ត​ជា​យូរ​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​សារ​ជំងឺ​រាតត្បាត​កូវីដ-១៩។

លោក ប៉ាន់ចៃតាន់ បានកត់សម្គាល់ថា ផ្លូវរថភ្លើង LRT នឹងឆ្លងកាត់អាកាសយានដ្ឋាន ហ្គូស្ទី ងូរ៉ាហ៍រ៉ៃ ១ និងសម្រាប់អ្នកដំណើរមកពី និងទៅអាកាសយានដ្ឋាននោះ។ ដោយមិនមានផ្លូវរថភ្លើង LRT ការកកកុញអ្នកដំណើរនឹងកើតឡើងនៅក្នុងឆ្នាំ២០២៦ ខាងមុខ ដោយសារការពិចារណាថា អាកាសយានដ្ឋាននោះនឹងទទួលបានអ្នកដំណើរប្រហែល ២៤លាននាក់ក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា នៅក្នុងកិច្ចប្រជុំមួយ លោកប្រធានាធិបតី ចូកូ វីដូដូ បានបញ្ជាឱ្យរដ្ឋមន្ត្រីធ្វើការសិក្សាបន្ថែមទៀតសម្រាប់ផ្លូវរថភ្លើង LRT កោះបាលី ពីអាកាសយានដ្ឋានងូរ៉ាហ៍រ៉ៃ ទៅកាន់តំបន់រមណីយដ្ឋានសេមីនយ៉ាក ឬបន្តទៅកាន់តំបន់រមណីយដ្ឋានភូមិកាងហ្គូ ដែលមានប្រវែងសរុបប្រហែល ២០គីឡូម៉ែត្រ។

លោកបាននិយាយបន្ថែមថា «យើងគ្រោងនឹងគិតថ្លៃសំបុត្រប្រហែល ១-២ដុល្លារអាម៉េរិកសម្រាប់អ្នកដំណើរតាមយន្តហោះម្នាក់ៗ មិនថាពួកគេប្រើផ្លូវរថភ្លើង LRT ឬក៏អត់នោះទេ។ ដូច្នេះ ការផ្តល់ហិរញ្ញប្បទានសាធារណៈនេះអាចគាំទ្រដល់ប្រតិបត្តិការផ្លូវរថភ្លើង LRT»៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា