ឥណ្ឌូណេស៊ីហាមឃាត់ប្រតិបត្តិការទំនិញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម

0

បរទេស៖ ប្រទេសឥណ្ឌូណេស៊ីបានហាមឃាត់ចំពោះប្រតិបត្តិការទំនិញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីគ្រប់គ្រងការលក់ដោយផ្ទាល់នៅលើវេទិកាសំខាន់ៗដែលត្រូវបានគេនិយាយថាធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូចរាប់លាន។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ហ្ស៊ុលគីហ្វលី ហាសាន់។

កាលពីពេលថ្មីៗនេះ អាជ្ញាធរឥណ្ឌូណេស៊ីបានអំពាវនាវឱ្យមានបទប្បញ្ញត្តិគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្មអេឡិចត្រូនិក ដោយអ្នកលក់ក្រៅបណ្តាញត្រូវបានមើលឃើញថា ជីវភាពរបស់ពួកគេត្រូវបានគំរាមកំហែងដោយការលក់ផលិតផលថោកជាងនៅលើវេទិកាបណ្តាញសង្គមទីកតុក និងវេទិកាផ្សេងៗទៀត។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៧ ខែកញ្ញា លោករដ្ឋមន្ត្រី ហ្ស៊ុលគីហ្វលី ហាសាន់ បាននិយាយថា បទប្បញ្ញត្តិបានចាប់ផ្តើមចូលជាធរមាននៅមួយថ្ងៃមុន ហើយវេទិកាពាណិជ្ជកម្មសង្គមនឹងមានពេលមួយសប្តាហ៍ដើម្បីអនុវត្តតាមច្បាប់ថ្មី។

ពាណិជ្ជកម្មតាមបណ្តាញសង្គមអាចដាក់ការផ្សាយពាណិជ្ជកម្មដូចជាទូរទស្សន៍ ប៉ុន្តែវាមិនត្រូវជាប្រតិបត្តិការទេ។ រដ្ឋមន្ត្រី​បាន​និយាយ​ថា ពួកគេ​មិន​អាច​បើក​ហាង និង​មិន​អាច​លក់​ដោយ​ផ្ទាល់​បានទេ​។

ច្បាប់នៅក្នុងប្រទេសនេះមិនគ្របដណ្តប់ទៅលើប្រតិបត្តិការដោយផ្ទាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ដូចជាបណ្តាញសង្គមទីកតុក ហ្វេសប៊ុក ឬអ៊ីនស្តាក្រាមជាដើម មុនពេលមានបទប្បញ្ញត្តិថ្មីនេះទេ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា