មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ចេញវីដេអូផ្សព្វផ្សាយទេសចរណ៍អាស៊ាន

0

បរទេស៖ ស៊េរីវីដេអូមួយដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង (AKC) កាលពីថ្ងៃទី២៧ ខែកញ្ញា ត្រូវបានគេរំពឹងថានឹងផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីវប្បធម៌ដ៏សម្បូរបែប និងស្ថាបត្យកម្មតែមួយគត់របស់ប្រទេសកម្ពុជា ឥណ្ឌូណេស៊ី និងវៀតណាម ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្លុកអាស៊ាន និងកូរ៉េខាងត្បូង។

ក្រោមប្រធានបទ «ដំណើរទៅកាន់វប្បធម៌ និងស្ថាបត្យកម្ម» វីដេអូដែលមានរយៈពេលប្រាំនាទីមួយនេះបានបំភ្លឺអំពីទីក្រុងចំនួនពីរក្នុងប្រទេសនីមួយៗ។ អង្គការទេសចរណ៍ជាតិរបស់ប្រទេសរៀងៗខ្លួនបានផ្តល់អនុសាសន៍ឱ្យស្ថាបត្យកម្មនោះត្រូវបានបង្ហាញនៅក្នុងវីដេអូនេះ ហើយស្ថាបត្យករ-អ្នកនិពន្ធ លោក អូ យ៉ាំងវុក បានធ្វើអត្ថាធិប្បាយនៅក្នុងវីដេអូនេះ។

វីដេអូអំពីប្រទេសវៀតណាមបាននាំអ្នកទស្សនាទៅកាន់ទីក្រុងហាណូយ ដែលជាទីក្រុងមានប្រវត្តិសាស្ត្រ ១.០០០ឆ្នាំ និងទីក្រុងនីញប៊ីញ ដែលត្រូវបានគេដាក់ឈ្មោះថា «ឆ្នេរសមុទ្រហាឡុងនៅលើដី»។ វាផ្តោតសំខាន់ទៅលើការលាយបញ្ចូលគ្នានៃភាពអស្ចារ្យរបស់អឺរ៉ុប និងធាតុផ្សំបែបប្រពៃណីនៅក្នុងសំណង់ល្បីៗមួយចំនួន ដូចជាមហាស្រពល្ខោនបុរាណអូប៉េរ៉ា ព្រះវិហារចូសេប ព្រះវិហារផាតឌាម និងវត្តបៃឌីញ។

សម្រាប់​ប្រទេស​កម្ពុជា វីដេអូនោះ​ផ្តោតសំខាន់ទៅ​លើ​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ឆ្នេរសមុទ្រខេត្ត​កំពត។ វីដេអូនោះរំលេចនូវស្ថាបត្យកម្មខ្មែរថ្មីដែលមានលក្ខណៈជាទីក្រុងភ្នំពេញទំនើប ដោយបង្ហាញនូវអគារដែលមានទំហំធំទូលាយ និងមានសោភ័ណភាព។ ទីតាំងសំខាន់ៗដូចជាពហុកីឡាដ្ឋានជាតិ និងផ្សារធំថ្មី គឺជាឧទាហរណ៍។ វីដេអូនោះក៏បានបង្ហាញផងដែរនូវវិមានបូកគោដែលបានបង្កើតឡើងវិញនៅក្នុងខេត្តកំពត ដែលបង្ហាញពីស្មារតីច្នៃប្រឌិតរបស់ប្រទេសមួយនេះ។

ទន្ទឹមនឹងនេះដែរ ទីក្រុងហ្សាការតា និងទីក្រុងលំយោលនៃអរិយធម៌ជ្វា យ៉ូកយ៉ាកាតា គឺជាចំណុចសំខាន់នៃវីដេអូសម្រាប់ប្រទេសឥណ្ឌូណេស៊ី។ ចាប់ពីស្ថាបត្យកម្មជ្វាបុរាណនៅទីលានហ្វាតាហ៊ីលឡាហ៍រហូតដល់និមិត្តសញ្ញានៃអត្តសញ្ញាណជាតិរបស់ប្រទេសឥណ្ឌូណេស៊ីមួយចំនួន ដូចជាម៉ូណាស់ និងវិហារឥស្លាមអ៊ីស្ទីកឡាល់ វីដេអូនេះក៏បានបង្ហាញអំពីសង្គមពហុនិយមរបស់ប្រទេសឥណ្ឌូណេស៊ីដែរ។ វាក៏បានរួមបញ្ចូលផងដែរនូវការមើលឃើញទៅក្នុងលំហសិល្បៈវប្បធម៌ទំនើប និងស្ថាបត្យកម្មប្រកបដោយនិរន្តរភាព ដោយគូសបញ្ជាក់អំពីវិធីសាស្រ្តរីកចម្រើនរបស់ប្រទេសឥណ្ឌូណេស៊ីចំពោះការអភិវឌ្ឍទីក្រុងដែលមានការរួមបញ្ចូល។

វីដេអូនេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កម្មវិធី «ដំណើរកម្សាន្តអាស៊ានប្រកបដោយភាពស្និទស្នាល» ដែល​បាន​ផ្តួចផ្តើម​គំនិតឡើងនៅ​ក្នុង​ឆ្នាំ២០១៩។ កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ជា​ទម្រង់​និម្មិត​ចាប់​តាំង​ពីមាន​ជំងឺ​រាតត្បាតកូវីដ១៩ ផ្ទុះ​ឡើង។ វាបានណែនាំនូវស្ថាបត្យកម្ម និងវប្បធម៌អាស៊ានផ្សេងៗគ្នាតាមរយៈបណ្តាញវីដេអូយូធូបរបស់មជ្ឈមណ្ឌលមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង https://www.youtube.com/@akcsns៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា