លក្ខខណ្ឌពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងមានភាពប្រសើរឡើងសម្រាប់ខែទី៣ កាលពីក្នុងខែសីហា

0

បរទេស៖ ទិន្នន័យរបស់ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃពុធថា លក្ខខណ្ឌពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងសម្រាប់ខែទី៣ ជាប់ៗគ្នាកាលពីក្នុងខែសីហា ដោយសារតម្លៃនាំចូលបានធ្លាក់ចុះក្នុងល្បឿនលឿនជាងតម្លៃនាំចេញ។

យោងតាមទិន្នន័យបឋមពីធនាគារកូរ៉េ (BOK) បានឱ្យដឹងថា សន្ទស្សន៍លក្ខខណ្ឌពាណិជ្ជកម្មសុទ្ធរបស់ប្រទេសនេះសម្រាប់ទំនិញដែលជារង្វាស់នៃលក្ខខណ្ឌពាណិជ្ជកម្មសរុបមានចំនួន ៨៧,៦៧ កាលពីខែមុន ដោយកើនឡើងបាន ៤,៤% ធៀបនឹងឆ្នាំមុន។

ធនាគារ BOK បាន​និយាយ​ថា ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅក្នុង​ខែ​សីហា​បានធ្វើឱ្យ​តម្លៃនៃការ​នាំ​ចូល​ធ្លាក់​ចុះ ១២,៨% ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ដែល​តម្លៃ​នាំ​ចេញ​បាន​ធ្លាក់​ចុះ ៨,៩%។

ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ធ្លាក់​ចុះ ៨,៤%  ​មក​នៅ​ត្រឹម ៥១,៨៧ប៊ី​លាន​ដុល្លារអាម៉េរិក​កាល​ពី​ខែ​មុន។

ការ​ធ្លាក់​ចុះ​នេះ​បាន​កើត​ឡើង​ដោយ​សារ​ការ​នាំ​ចេញ​គ្រឿង​អេឡិចត្រូនិក ​ដែល​ជា​មុខ​ទំនិញ​នាំ​ចេញ​សំខាន់​របស់​ប្រទេសកូរ៉េខាងត្បូង ព្រមទាំងការធ្លាក់ចុះ ២១% ទៅលើតម្រូវការ និងការធ្លាក់ចុះនៃតម្លៃបន្ទះឈីប ផលិតផលប្រេងក៏បានធ្លាក់ចុះ ៣៥% ដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា