បរទេស៖ ធនាគារកណ្តាលរបស់ប្រទេសចិនបានសន្យាពង្រឹងបទប្បញ្ញត្តិម៉ាក្រូសេដ្ឋកិច្ចដើម្បីជំរុញតម្រូវការក្នុងស្រុក និងផ្តល់ការគាំទ្រខ្លាំងជាងមុនសម្រាប់សេដ្ឋកិច្ចពិតប្រាកដ ខណៈដែលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះនៅតែបន្តទទួលបានសន្ទុះ។
ធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធថា «បច្ចុប្បន្ន បរិយាកាសខាងក្រៅកាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ ជាមួយនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក៏ដូចជាពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ហើយនៅតែមានអតិផរណាខ្ពស់ និងអត្រាការប្រាក់នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ដែលត្រូវបានរំពឹងថានឹងនៅតែមានការកើនឡើង»។
ធនាគារកណ្តាលបាននិយាយថា សេដ្ឋកិច្ចចិនបន្តងើបឡើងវិញជាមួយនឹងសន្ទុះកើនឡើង ប៉ុន្តែវានៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន ដូចជាតម្រូវការមិនគ្រប់គ្រាន់ចាដើម។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំត្រីមាសទីបី នៃគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារ PBOC។
ធនាគារ PBOC បាននិយាយថា ខ្លួននឹងផ្តល់ការគាំទ្រជាបន្ត បង្កើនសន្ទុះសេដ្ឋកិច្ច ពង្រឹងកម្លាំងនៃបទប្បញ្ញត្តិម៉ាក្រូសេដ្ឋកិច្ច អនុវត្តគោលនយោបាយរូបិយវត្ថុដោយប្រយ័ត្នប្រយែង។
ធនាគារនោះបានប្តេជ្ញាបង្កើនការគាំទ្រសម្រាប់វិស័យសំខាន់ៗ ដូចជាហិរញ្ញវត្ថុដែលមានការរួមបញ្ចូល ការអភិវឌ្ឍបៃតង នវានុវត្តន៍បច្ចេកវិទ្យា និងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងណែនាំការចំណាយហិរញ្ញប្បទានរបស់សហគ្រាសជាដើម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា