បរទេស៖ យោងតាមក្រុមហ៊ុនផ្លូវដែកឡាវ-ចិន (LCRC) បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៣ ផ្លូវដែកចិន-ឡាវបានដឹកជញ្ជូនទំនិញចំនួន ៣.១០១.៤០០តោន ដែលកើនឡើង ១៣៨% ពីមួយឆ្នាំទៅមួយឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) បានដកស្រង់សម្តីរបស់នាយករងនៃក្រុមហ៊ុន LCRC លោក អានុងដេត ផេតកាយសូណេ ដែលបានរាយការណ៍ថា ទំនិញនាំចូលពីប្រទេសចិនទៅកាន់ប្រទេសឡាវមានចំនួន ៣៤៤.៧០០តោន ខណៈដែលទំនិញនាំចេញពីប្រទេសឡាវទៅកាន់ប្រទេសចិនមានចំនួន ២.៧៥២.២០០លានតោន។
ផលិតផលសំខាន់ៗដែលនាំចេញទៅកាន់ប្រទេសចិនរួមមាន ផ្លែឈើ ម្សៅដំឡូងមី ស្រូវបាឡេ កៅស៊ូ ស្រាបៀរ រ៉ែដែក ថ្ម និងជីគីមី។
លើសពីនេះទៀត ផ្លូវដែកចិន-ឡាវបានដឹកជញ្ជូនទំនិញជាង ៥លានតោនហើយចាប់តាំងពីផ្លូវនេះត្រូវបានដាក់ឱ្យដំណើរការកាលពីក្នុងឆ្នាំ២០២១ មក។
ផ្លូវដែកចិន-ឡាវដែលជាគម្រោងដ៏សំខាន់មួយបង្ហាញពីកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវដែលមានគុណភាពខ្ពស់ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០២១។ ផ្លូវដែកឆ្លងកាត់ព្រំដែនដែលមានប្រវែង ១.០៣៥គីឡូម៉ែត្រនោះបានតភ្ជាប់ពីទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិនទៅកាន់រដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា