បរទេស៖ លោកស្រី ប៊ីងតាំង ពូសប៉ាយ៉ូហ្កា រដ្ឋមន្ត្រីក្រសួងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងការពារកុមារ (PPPA) របស់ប្រទេសឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់អាស៊ានក្នុងការការពារកុមារនៅក្នុងតំបន់ពីផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យា។
នៅក្នុងសុន្ទរកថាបើករបស់លោកស្រីនៅឯកិច្ចសន្ទនាថ្នាក់តំបន់អាស៊ាន ស្តីពីការការពារកុមារតាមប្រព័ន្ធសាយប័រឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា លោកស្រី ពូសប៉ាយ៉ូហ្កា បាននិយាយថា ដើម្បីការពារកុមារពីមាតិកាអវិជ្ជមានដែលកាន់តែទូលំទូលាយ និងមានការឈ្លានពាននៅក្នុងលំហឌីជីថល ប្រទេសជាសមាជិកអាស៊ានបានអះអាងពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការកេងប្រវ័ញ្ច និងការរំលោភបំពានលើកុមារតាមប្រព័ន្ធអនឡាញ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅក្នុងសេចក្តីប្រកាស ស្តីពីការការពារកុមារពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ច និងការរំលោភបំពានលើប្រព័ន្ធអនឡាញនៅក្នុងតំបន់អាស៊ាន ព្រមទាំងផែនការសកម្មភាពក្នុងតំបន់អាស៊ានសម្រាប់ការការពារកុមារពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ច និងការរំលោភបំពានលើប្រព័ន្ធអនឡាញ។
លើសពីនេះទៀត រដ្ឋមួយចំនួននៅអាស៊ាន បានបង្កើតគោលនយោបាយសំខាន់ៗទាក់ទងនឹងការការពារកុមាររបស់ពួកគេ។
លោកស្រីបានកត់សម្គាល់ថា នៅថ្នាក់ជាតិ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានផ្តល់សច្ចាប័នជាយូរមកហើយទៅលើអនុសញ្ញាស្តីពីសិទ្ធិកុមារ និងបានប្តេជ្ញាធានាយ៉ាងពេញលេញនូវការបំពេញសិទ្ធិកុមារ រួមទាំងសិទ្ធិបញ្ចេញមតិរបស់ពួកគេ ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ីបាននិងកំពុងអនុវត្តន៍កិច្ចខិតខំប្រឹងប្រែងដ៏មានសារៈសំខាន់ ដើម្បីសម្រេចបាននូវឌីជីថលមួយដែលមានភាពសមស្របសម្រាប់កុមារ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា