បរទេស៖ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្ម លោក គីរ៉ាទី រ៉ាត់ចាណូ បាននិយាយកាលពីថ្ងៃទី២៦ ខែកញ្ញាថា ការនាំចេញរបស់ប្រទេសថៃនៅក្នុងខែសីហាបានកើនឡើង ២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាការកើនឡើងលើកដំបូងបន្ទាប់ពីបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ១០ខែកន្លងមក។
ដូច្នោះហើយ ការនាំចេញរបស់ប្រទេសនេះបានឈានដល់តម្លៃប្រមាណ ៨២៥ប៊ីលានបាត (២៤,២៨ប៊ីលានដុល្លារអាម៉េរិក) ដែលត្រូវបានគេមើលឃើញថាជាសញ្ញាល្អបន្ទាប់ពីការនាំចេញបានធ្លាក់ចុះក្នុងរយៈពេល ១០ខែជាប់ៗគ្នាមក។
ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់ប្រទេសថៃក្នុងអំឡុងពេលដូចគ្នានេះបានធ្លាក់ចុះ ១២,៨% ដោយមានតម្លៃត្រឹមតែ ៨២៣ប៊ីលានបាត ដែលបណ្តាលឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ២ប៊ីលានបាត។
ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ការនាំចេញរបស់ប្រទេសថៃបានឈានដល់តម្លៃប្រមាណ ៦,៣៨ទ្រីលានបាត (ប្រមាណជិត ១៨៧,៦ប៊ីលានដុល្លារអាម៉េរិក) ដែលធ្លាក់ចុះ ៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការនាំចូលក៏ធ្លាក់ចុះ ៥,៧% មកនៅប្រមាណ ៦,៧ទ្រីលានបាត ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មប្រហែល ៣៥៣ប៊ីលានបាត។
យោងតាមលោក គីរ៉ាទី បានឱ្យដឹងថា ការស្ទុះងើបឡើងវិញនៃការនាំចេញរបស់ប្រទេសថៃ គឺបណ្តាលមកពីការនាំចេញផលិតផលកសិផលដែលមានការកើនឡើង ៤,២% ដែលនេះជាការកើនឡើងលើកដំបូងក្នុងរយៈពេលបួនខែ។
ជាពិសេស ការនាំចេញផ្លែឈើកក និងក្រៀម បានកើនឡើង ៩៩,៨% អង្ករ ១០% បន្លែកំប៉ុង និងកែច្នៃ ២៦,៥% ទឹកដោះគោ និងផលិតផលទឹកដោះគោ ១៣,២%, បន្លែកក និងក្រៀម ២២,៨%។
នៅក្នុងខែសីហា ការនាំចេញផលិតផលឧស្សាហកម្មរបស់ប្រទេសថៃបានកើនឡើង ២,៥% ដែលជាការកើនឡើងលើកដំបូងក្នុងរយៈពេល ៣ខែកន្លងមក រួមទាំងការនាំចេញរថយន្ត គ្រឿងបរិក្ខា និងគ្រឿងបន្លាស់កើនឡើង ៥,២% សៀគ្វីអគ្គិសនីកើនឡើង ៣៩,៨% ម៉ាស៊ីន និងគ្រឿងបន្លាស់កើនឡើង ៦,៤% ទូរស័ព្ទ និងគ្រឿងបន្លាស់កើនឡើង ៣៦,៩%។
ការនាំចេញរបស់ប្រទេសថៃទៅកាន់ទីផ្សារសំខាន់ៗរបស់ខ្លួននៅក្នុងខែសីហាបានកើនឡើង ២,៣% ដែលរួមមានទាំងការកើនឡើង ២១,៧% ទៅកាន់សហរដ្ឋអាមេរិក កើនឡើង ១៥,៧% ទៅកាន់ប្រទេសជប៉ុន និងកើនឡើង ១,៩% ទៅកាន់ប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញរបស់ខ្លួនទៅកាន់អាស៊ាន សហភាពអឺរ៉ុប និង CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) បានធ្លាក់ចុះ ១,៥%, ១១,៦% និង ២១,៣% រៀងៗគ្នា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា