កោះ​រមណីយដ្ឋាន​ឥណ្ឌូណេស៊ី​ប្រើប្រាស់​ពន្ធ​ទេសចរណ៍​សម្រាប់​ការ​គ្រប់​គ្រង​សំរាម និងការ​អភិរក្ស​វប្បធម៌

0

បរទេស៖ រដ្ឋបាលកោះបាលីបាននិយាយថា មូលនិធិដែលប្រមូលបានពីការយកពន្ធចំនួន ១៥០.០០០រូពៀ (១០ដុល្លារអាម៉េរិក) ក្នុងមនុស្សម្នាក់ដែលត្រូវបង់ពីអ្នកទេសចរបរទេសទាំងអស់ចាប់ពីឆ្នាំក្រោយនោះ នឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធីគ្រប់គ្រងកាកសំណល់ និងអភិរក្សវប្បធម៌។

នៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត លោក នី វ៉ាយ៉ាន ហ្គីរី អាដនីយ៉ានី កាលពីថ្ងៃទី២៥ ខែកញ្ញា អភិបាលស្តីទីកោះបាលី លោក ម៉ាហេនដ្រា ចាយ៉ា បាននិយាយថា កោះបាលីនឹងប្រើប្រាស់ចំណូលពីពន្ធទេសចរណ៍សម្រាប់គោលបំណងទាំងនោះ ដោយសារសកម្មភាពទេសចរណ៍នៅកោះបាលីបានបង្កឱ្យមានគំនរសំរាមនៅលើកោះរមណីយដ្ឋានមួយនោះ។

ទន្ទឹមនឹងនោះដែរ ការអភិរក្សវប្បធម៌ គឺជាផ្នែកសំខាន់មួយទៀតនៃទេសចរណ៍កោះបាលី ដោយសារវប្បធម៌ គឺជាឆ្អឹងខ្នងនៃទេសចរណ៍សម្រាប់កោះមួយនេះ។

អភិបាលស្តីទីកោះបាលីបានសង្កត់ធ្ងន់ថា ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងកាកសំណល់ និងកម្មវិធីអភិរក្សវប្បធម៌ដោយសារប្រើប្រាស់ថវិកាបន្ថែមពីពន្ធទេសចរណ៍នេះ នឹងធ្វើឱ្យកោះបាលីអាចរក្សាឋានៈរបស់ខ្លួនជាគោលដៅទេសចរណ៍លំដាប់ពិភពលោកសម្រាប់បរិស្ថាន និងវប្បធម៌របស់ប្រទេសឥណ្ឌូណេស៊ី។

រដ្ឋបាល​កោះ​នេះ​ធ្លាប់​បាន​លុប​ចោល​ផែនការ​យក​ពន្ធ ១០ដុល្លារ​អាម៉េរិកទៅលើ​ភ្ញៀវ​ទេសចរ​បរទេស ដោយផែនការដំបូងដែលត្រូវបានប្រកាសក្នុងឆ្នាំ២០១៩ មិនអាចអនុវត្តបាន ដោយសារហេតុផលផ្លូវច្បាប់មួយផ្នែក។

យោងតាមទិន្នន័យរបស់រដ្ឋបាលកោះបាលីបានឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកទេសចរបរទេសចំនួន ៣,៤លាននាក់បានទៅលេងកម្សាន្តនៅលើកោះបាលីគិតត្រឹមខែសីហា ឆ្នាំនេះ ដោយជនជាតិអូស្ត្រាលីគឺជាក្រុមទេសចរណ៍ធំបំផុតនៅកោះបាលី។ រដ្ឋបាលកោះបានរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន ៥,៥លាននាក់ទៅកាន់រមនីយដ្ឋានកោះបាលីនៅត្រឹមចុងឆ្នាំនេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា