ធុរកិច្ចអាស៊ានស្វែងរកឱកាសវិនិយោគនៅអាហ្វ្រិក

0

បរទេស៖ ប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ABAC) លោក អាសចាដ រ៉ាស់ជីដ បាននិយាយថា បណ្តាក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍កំពុងវាយតម្លៃចំពោះការវិនិយោគដែលមានសក្តានុពលនៅក្នុងទីផ្សារអាហ្វ្រិក ដើម្បីគាំទ្រដល់កំណើន និងស្វែងរកឱកាសថ្មីៗ ចំពេលដែលកំពុងមានការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

លោក​បាននិយាយ​បន្ត​ថា វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ពិត​ជា​ប៉ះ​ពាល់​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ខ្លាំង​ជាមួយ​នឹង​ប្រទេស​សេដ្ឋកិច្ច​ធំលំដាប់​ទី​ពីរ​របស់​ពិភពលោកមួយនេះ។

លោក រ៉ាស់ជីដ បានប្រាប់សារព័ត៌មាន Nikkei Assia ថា «អ្វីដែលសំខាន់ត្រូវមើល គឺថាឥឡូវនេះយើងកំពុងសម្លឹងមើលទីផ្សារមិនប្រពៃណីផ្សេងៗទៀត ដោយយើងកំពុងនិយាយអំពីទ្វីបអាហ្វ្រិក»។

ជាមួយនឹងចំនួនប្រជាជនជាង ១ប៊ីលាននាក់ ទ្វីបអាហ្រ្វិកត្រូវបានមើលឃើញថាពោរពេញទៅដោយទីផ្សារអនាគតដ៏មានសក្តានុពលសម្រាប់បណ្តាក្រុមហ៊ុនមកពីជុំវិញពិភពលោក។

កាល​ពី​ចុង​ខែ​សីហា ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាន​ធ្វើ​ដំណើរ​ទៅទ្វីប​អាហ្វ្រិក​ជា​លើក​ដំបូង​ក្នុង​នាម​ជា​មេដឹកនាំនៃប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកេនយ៉ា តង់ហ្សានី ម៉ូសំប៊ិក និងអាហ្រ្វិកខាងត្បូង ជាការកត់សម្គាល់មួយនៅក្នុងទំនាក់ទំនងការទូតសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី ខណៈដែលខ្លួនកំពុងស្វែងរកទីផ្សារនាំចេញថ្មីសម្រាប់ផលិតផលឱសថ និងទំនិញ ដូចជាប្រេងដូងជាដើម។

លោក រ៉ាស់ជីដ ដែលជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី និងជាប្រធានក្រុមហ៊ុនថាមពលឥណ្ឌីការបស់ឥណ្ឌូណេស៊ីផងដែរនោះ បាននិយាយថា បច្ចុប្បន្ននេះ​ បណ្តាប្រទេសនៅអាស៊ានកំពុងវាយតម្លៃពីកន្លែងដែលមានតម្រូវការស្រាប់ ហើយប្លុកគួរតែវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនៅអាហ្វ្រិក ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពរវាងតំបន់ទាំងពីរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា