ឥណ្ឌូណេស៊ី និងជប៉ុន អភិវឌ្ឍថាមពលកកើតឡើងវិញថ្មី

0

បរទេស៖ រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្កា ហាតាតូ បាននិយាយកាលពីថ្ងៃទី២៦ ខែកញ្ញាថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបង្កើតកិច្ចសហការជាមួយធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) ដើម្បីបង្កើតថាមពលកកើតឡើងវិញថ្មី។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីសកម្មភាពដែលបានស្នើឡើងសម្រាប់កម្មវិធីកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរថាមពលឥណ្ឌូណេស៊ី-ជប៉ុន ជាពិសេសជាការតាមដានទៅលើការបង្កើតក្រុមការងារសម្រាប់ការផ្លាស់ប្តូរថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមលោក ហាតាតូ បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីមានទុនបម្រុងដ៏ធំនៃវត្ថុធាតុដើមដែលអាចត្រូវបានប្រើប្រាស់ជាកាបូន ការប្រើប្រាស់ និងការផ្ទុក (CCUS) ខណៈដែលប្រទេសជប៉ុននឹងផ្តល់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ក្នុងការអភិវឌ្ឍវិស័យនេះនៅក្នុងប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ហាតាតូ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី និងជប៉ុនបានព្រមព្រៀងគ្នាថា ក្រុមការងារនឹងតភ្ជាប់ភាគីពាក់ព័ន្ធរបស់ឥណ្ឌូណេស៊ី និងជប៉ុន ក្នុងការពន្លឿនការអភិវឌ្ឍនៃការផ្លាស់ប្តូរថាមពល និងហេដ្ឋារចនាសម្ព័ន្ធគាំទ្ររបស់ខ្លួន។

លោករដ្ឋមន្ត្រី ហាតាតូ និងអភិបាលធនាគារ JBIC លោក ហាយ៉ាស៊ី ណូប៊ូមីតស៊ូ ក៏បានឯកភាពគ្នាទៅលើសកម្មភាពនៃកិច្ចសហប្រតិបត្តិការមួយចំនួនដែលនឹងត្រូវបានអនុវត្តភ្លាមៗដោយក្រុមការងារ រួមទាំងការសាងសង់រោងចក្រវារីអគ្គិសនីនៅកាលីម៉ាន់តាន់ដើម្បីជំនួសឱ្យរោងចក្រថាមពលចំហាយទឹកនៅកោះចាវ៉ា បង្កើនប្រសិទ្ធភាពនៃរោងចក្រថាមពលកំដៅក្នុងផែនដី បង្កើនប្រភពថាមពលពីអាម៉ូញាក់បៃតង និងខៀវ និងកិច្ចសហប្រតិបត្តិការលើ CCUS ផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា