ឡាវលើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តអគ្គិសនី

0

បរទេស៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសឡាវបានដាក់ចេញនូវវិធានការជំរុញឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនី (EVs) ដែលជាប្រភេទយានយន្តដែលប្រើប្រាស់ថាមពលស្អាត និងការពារបរិស្ថាន។

ក្រសួងបាននិយាយថា វិធានការទាំងនោះរួមមានទាំងគោលនយោបាយលើកទឹកចិត្តដល់ការអភិវឌ្ឍផលិតកម្ម ការផ្គត់ផ្គង់ និងការប្រើប្រាស់យានយន្ត EV និងអាគុយសម្រាប់យានយន្ត EV ព្រមទាំងជំរុញការផ្តល់សេវាក្រោយការទិញ និងការបង្កើតស្ថានីយ៍សាកអាគុយទូទាំងប្រទេស រួមជាមួយនឹងការទាក់ទាញវិនិយោគិនឱ្យសាងសង់រោងចក្រដែលចូលរួមក្នុងការផលិត និងដំឡើងយានយន្ត EV កង់​បួនផងដែរ។

ការសម្របសម្រួលជាមួយវិស័យធនធានធម្មជាតិ និងបរិស្ថាន ក៏ជាកត្តាចាំបាច់ក្នុងការកំណត់វិធានការដោះស្រាយអាគុយដែលផុតកំណត់ការប្រើប្រាស់ដែរ ដើម្បីចៀសវាងការបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសង្គម។

លោក ប៊ួវ៉ាញ វ៉ូឡាវង្ស អគ្គនាយកនៃនាយកដ្ឋានឧស្សាហកម្ម និងសិប្បកម្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាននិយាយថា បច្ចុប្បន្ននេះ ការប្រើប្រាស់យានយន្ត EV នៅក្នុងប្រទេសឡាវ គឺជារឿងបន្ទាន់ ដើម្បីកាត់បន្ថយថវិកាសម្រាប់ការនាំចូលប្រេងឥន្ធនៈ ដោយតម្លៃនៃការនាំចូលផលិតផលនេះនៅក្នុងប្រទេសឡាវ គឺខ្ពស់គួរសម ដែលស្មើនឹង ២០% នៃតម្លៃសរុបរបស់ប្រទេស។

យោងតាម​លោក ប៊ួវ៉ាញ បានឱ្យដឹងថា យានយន្ត​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​បរិស្ថាន និង​សង្គម។ ទន្ទឹមនឹងនេះដែរ ប្រទេសឡាវមានសក្ដានុពលខ្លាំងសម្រាប់ការផលិតអគ្គិសនី ដូច្នេះហើយ ការជំរុញសម្រាប់ការអនុម័តយានយន្ត EV នៅទូទាំងប្រទេស គឺជាទិសដៅដ៏ត្រឹមត្រូវក្នុងការទាញយកអត្ថប្រយោជន៍ពីធនធានផ្ទៃក្នុង ក៏ដូចជាធានាដល់សមតុល្យពាណិជ្ជកម្ម។

បច្ចុប្បន្ននេះ ការប្រើប្រាស់យានយន្ត EV នៅក្នុងប្រទេសឡាវនៅតែប្រឈមមុខនឹងឧបសគ្គជាច្រើន ដូចជាការផលិតយានយន្ត EV ឬរោងចក្រដំឡើងយានយន្តនៅក្នុងប្រទេសឡាវមានកម្រិត។ ក្រៅពីនេះ ប្រព័ន្ធផ្លូវថ្នល់នៅក្នុងប្រទេសឡាវមិនទាន់មានស្តង់ដារសមស្របសម្រាប់យានយន្ត EV ជាពិសេសផ្លូវនៅតាមទីជនបទក្រៅពីទីក្រុង ខណៈដែលចំនួនស្ថានីយ៍សាកអាគុយក៏នៅមិនទាន់បំពេញតម្រូវការជាក់ស្តែងនៅឡើយ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា