បរទេស៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ភុមថាំ វីឆាយាឆៃ គ្រោងនឹងជួបប្រជុំជាមួយវិស័យឯកជននៅក្នុងសប្តាហ៍នេះ ដែលមានគោលបំណងជំរុញការនាំចេញ និងដំណើរការសេដ្ឋកិច្ចរបស់ប្រទេសនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។
យោងតាមលោក ភូស៊ីត រតនាគុល សេរីរឿងរីត អគ្គនាយកនៃនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃបានឱ្យដឹងថា កិច្ចប្រជុំនោះគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញានេះ ដើម្បីវាយអំពីតម្លៃស្ថានភាពនាំចេញ និងស្វែងរកវិធានការជំរុញពាណិជ្ជកម្មនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។
យោងតាមតួលេខចុងក្រោយរបស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងរយៈពេល ១០ខែជាប់ៗគ្នាកាលពីក្នុងខែកក្កដា ដោយធ្លាក់ចុះក្រោមការព្យាករ ដោយសារតែការថយចុះយ៉ាងខ្លាំងនៃតម្លៃទំនិញពិភពលោក។ ស្ថានភាពនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយសារគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹង និងការបង្កើនភាពតឹងរ៉ឹងក្នុងការអនុវត្តការផ្តល់ប្រាក់កម្ចីរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលជាលទ្ធផលកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់។
យោងតាមលោក ភូស៊ីត បានឱ្យដឹងថា សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ នាយកដ្ឋាននឹងសហការជាមួយអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ និងក្រុមហ៊ុនអាកាសចរណ៍ Thai Airways International Plc ដើម្បីផ្សព្វផ្សាយអំពីភោជនីយដ្ឋាន និងផលិតផលម្ហូបអាហារថៃ ដែលចាត់ទុកថាជាទ្រព្យសម្បត្តិថាមពលទន់ដែលអាចបង្កើនតម្លៃនៃការនាំចេញអាហារថៃ។
នៅក្នុងខែធ្នូ នាយកដ្ឋានគ្រោងនឹងរៀបចំកិច្ចប្រជុំមួយចំនួនជាមួយអ្នកប្រឹក្សាពាណិជ្ជកម្មទូទាំងពិភពលោក ដើម្បីវាយតម្លៃគោលដៅនាំចេញសម្រាប់ឆ្នាំ២០២៤៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា