ទីក្រុងប៉េកាំងនឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ១២,៨លាននាក់ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ

0

បរទេស៖ ទីក្រុងប៉េកាំងគ្រោងនឹងទទួលបានការរីកដុះដាលនៃវិស័យទេសចរណ៍ក្នុងអំឡុងពេលពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ និងថ្ងៃបុណ្យជាតិនាពេលខាងមុខ ដែលនឹងមានរយៈពេលចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា នៅក្នុងឆ្នាំនេះ ជាមួយនឹងភ្ញៀវទេសចរជាង ១២,៨លាននាក់ ដែលត្រូវបានរំពឹងថានឹងទៅលេងកម្សាន្តក្នុងទីក្រុងនេះ។

វិស័យនេះត្រូវបានគេប៉ាន់ប្រមាណថា ចំនួនអ្នកទៅទស្សនារដ្ឋធានីរបស់ប្រទេសចិនមួយនេះនៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនឹងកើនឡើង ៦០,៨% ពីមួយឆ្នាំទៅមួយឆ្នាំ ឬកើនឡើង ២១,៩% ពីតួលេខមុនពេលមានជំងឺកូវីដនៅក្នុងឆ្នាំ២០១៩។ លោក ហ្សូ វៃមីន មន្ត្រីនៃការិយាល័យវប្បធម៌ និងទេសចរណ៍ទីក្រុងប៉េកាំងបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា ភ្ញៀវទេសចរប្រហែល ៥,៥លាននាក់នឹងធ្វើដំណើរមកពីផ្នែកផ្សេងៗនៃប្រទេសចិន ដោយនឹងកើនឡើង ១៩២,៤% ពីមួយឆ្នាំទៅមួយឆ្នាំ។

ទីក្រុងនេះនឹងរៀបចំសកម្មភាពវប្បធម៌ជាង២.០០០ សម្រាប់ភ្ញៀវទេសចរនៅអំឡុងថ្ងៃឈប់សម្រាកនោះ ដែលរួមមាន​ទាំង​ការសម្តែងរឿង​ល្ខោន​បុរាណ និង​ពេញ​និយម​មួយ​ចំនួន​។

ទីកន្លែងសាធារណៈមួយចំនួន ដូចជាសារមន្ទីរក៏នឹងធ្វើការកែសម្រួលផងដែរដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនោះ ជាមួយនឹងការពង្រីកសមត្ថភាពទទួលភ្ញៀវដ៏ច្រើនរបស់ពួកគេ បន្ថែមម៉ោងបើកសម្រាប់ការចូលទស្សនា និងអនុវត្តន៍វិធានការបង្កើនប្រសិទ្ធភាពបទពិសោធន៍ផ្សេងៗទៀត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា