ហ្វីលីពីនស្វែងរកវិធានការកាត់បន្ថយតម្លៃអង្ករ

0

បរទេស៖ អាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍជាតិ (NEDA) របស់ប្រទេសហ្វីលីពីនបាននិយាយថា ប្រទេសហ្វីលីពីនកំពុងពិចារណាជម្រើសផ្សេងៗដើម្បីដោះស្រាយបញ្ហាតម្លៃអង្ករខ្ពស់ ។

កាលពីពេលថ្មីៗនេះ លេខាធិការអាជ្ញាធរ NEDA លោក អាសេនីអូ បាលីសាកាន និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក បេនចាមីន អ៊ី ឌីអុកណូ បានស្នើឱ្យកាត់បន្ថយអត្រាពន្ធ ៣៥% ជាបណ្តោះអាសន្នទៅលើអង្ករពីបណ្តាប្រទេសនៅអាស៊ាន។

លោក បាលីសាកាន បានសង្កត់ធ្ងន់ទៅលើតម្រូវការក្នុងការកាត់បន្ថយពន្ធជាបណ្ដោះអាសន្ន ចំពេលដែលមានការកើនឡើងតម្លៃជាសកល ដើម្បីការពារផលប៉ះពាល់អវិជ្ជមានទៅលើតម្លៃលក់រាយ លក់ដុំ និងតម្លៃកសិដ្ឋាន។

លោកបានកត់សម្គាល់ថា អាជ្ញាធរ NEDA នឹងពិភាក្សាជាមួយលោកប្រធានាធិបតី ហ្វឺឌីនែនដ៍ ម៉ាកូស អំពីជម្រើសផ្សេងៗទៀតដើម្បីកាត់បន្ថយតម្លៃអង្ករជំនួសឱ្យការដាក់កម្រិតតម្លៃ។ កម្រិត​តម្លៃ​ដែល​បញ្ជា​ដោយ​ប្រធានាធិបតី ​គឺ​គ្រាន់​តែ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ខណៈដែល​រដ្ឋាភិបាល​ត្រូវ​ស្វែង​រក​ជម្រើស​ល្អ​ជាង​នេះ។

អាជ្ញាធរ NEDA កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់ទៅ​លើ​តម្លៃ​អង្ករ​ពិភពលោក និង​បរិមាណ​នាំ​ចេញ​របស់​ប្រទេស​នាំ​ចេញ​ធំៗ។ ការហាមឃាត់ការនាំចេញអង្កររបស់ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ និងសម្ពាធពីប្រទេសនាំចេញសំខាន់ៗដូចជាវៀតណាម និងថៃ បានជំរុញឱ្យកើនឡើងតម្លៃអង្កររបស់ពិភពលោក។ បាតុភូតអ៊ែលនីណូក៏អាចរួមចំណែកដល់ការឡើងថ្លៃនេះដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា