លោក ពូទីន និងលោក រ៉ៃស៊ី ពិភាក្សាគ្នាយ៉ាងរលូនក្នុងការធ្វើសមាហរណកម្មអ៊ីរ៉ង់ទៅក្នុងក្រុមប្រទេសប្រ៊ីកស៍

0

បរទេស៖ សេវាសារព័ត៌មានវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃអង្គារថា ការចូលរួមពេញលេញរបស់ទីក្រុងតេអេរ៉ង់នៅក្នុងសកម្មភាពរបស់ក្រុមប្រទេសប្រ៊ីកស៍ (BRICS) គឺជាការផ្តោតសំខាន់នៃការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី។

«លោក អេប្រាហ៊ីម រ៉ៃស៊ី បានថ្លែងអំណរគុណចំពោះការគាំទ្រទៅលើការស្នើសុំរបស់ប្រទេសអ៊ីរ៉ង់សម្រាប់សមាជិកភាពនៃក្រុមប្រទេសប្រ៊ីកស៍។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីជំហាននានាដើម្បីធានាឱ្យមានសមាហរណកម្មដោយរលូនរបស់ប្រទេសអ៊ីរ៉ង់ទៅក្នុងសកម្មភាពពេញលេញរបស់ក្រុមប្រទេសនេះ»។

ការសន្ទនាតាម​ទូរស័ព្ទនោះ​ត្រូវ​បាន​ផ្តួចផ្តើមឡើង​ដោយ​ភាគី​អ៊ីរ៉ង់។

សេចក្តីសម្រេចទៅលើការទទួលយកប្រទេសអាហ្សង់ទីន អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួមទៅក្នុងក្រុមប្រទេសប្រ៊ីកស៍ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលកាលពីក្នុងខែសីហារបស់ក្រុមប្រទេសនេះនៅទីក្រុងចូហាន់ណេសបឺក។ ប្រទេសទាំងនោះនឹងក្លាយជាសមាជិកផ្លូវការរបស់ក្រុមប្រទេសនេះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា