ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័ត​កម្ចី​គាំទ្រ​កំណែទម្រង់ធុរកិច្ច​របស់​ឥណ្ឌូណេស៊ី

0

បរទេស៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកាលពីថ្ងៃទី២៥ ខែកញ្ញាថា ខ្លួនបានអនុម័តប្រាក់កម្ចីចំនួន ៥០០លានដុល្លារអាម៉េរិកដើម្បីគាំទ្ររបៀបវារៈនៃការអភិវឌ្ឍ និងអាទិភាពនៃការធ្វើកំណែទម្រង់របស់ប្រទេសឥណ្ឌូណេស៊ីក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ការបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម និងការបង្កើនសហគ្រាស។

នេះជាកម្មវិធីរងទីពីរក្នុងចំណោមកម្មវិធីរងទាំងបីនៃកម្មវិធីប្រកួតប្រជែង ទំនើបកម្មឧស្សាហកម្ម និងបង្កើនល្បឿនពាណិជ្ជកម្ម (CITA) ដែលធ្វើឡើងដោយសារភាពជោគជ័យនៃកម្មវិធីរងដំបូងដែលត្រូវបានអនុម័តកាលពីក្នុងខែតុលា ឆ្នាំ២០២១។

នាយកធនាគារ ADB ប្រចាំប្រទេសឥណ្ឌូណេស៊ី លោក ជីរ៉ូ តូមីណាហ្កា បាននិយាយថា ដើម្បីសម្រេចបាននូវឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ២០៤៥ រដ្ឋាភិបាលឥណ្ឌូណេស៊ីរំពឹងថា ផលិតផលក្នុងស្រុកសរុបរបស់ខ្លួនត្រូវតែកើនឡើងយ៉ាងហោចណាស់ ៦,០% ជារៀងរាល់ឆ្នាំ លើសពីមធ្យមភាគមុនពេលមានជំងឺរាតត្បាតដែលមានត្រឹម ៥,៣%។

លោកបានសង្កត់ធ្ងន់ថា ប្រទេសឥណ្ឌូណេស៊ីកំពុងមានវឌ្ឍនភាពល្អក្នុងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែការកែទម្រង់រចនាសម្ព័ន្ធដែលកំពុងបន្ត គឺជាការចាំបាច់ណាស់ដើម្បីជំរុញសក្តានុពលនៃកំណើនរបស់ខ្លួនដោយការជំរុញការវិនិយោគ ការបង្កើតការងារ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម។

យោងតាមធនាគារ ADB បានឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអនុវត្តសកម្មភាពជាច្រើនដើម្បីកែលម្អបរិយាកាសវិនិយោគ ដូចដែលបានព្រមព្រៀងគ្នានៅក្រោមកម្មវិធីរងទីពីរ។ ការអនុម័តអាជ្ញាប័ណ្ណអាជីវកម្មត្រូវបានធ្វើឱ្យកាន់តែលឿនជាងមុនតាមរយៈការធ្វើបច្ចុប្បន្នភាពនៃដាក់ពាក្យស្នើសុំតែម្តងតាមប្រព័ន្ធអនឡាញ វិធីសាស្រ្តផ្អែកទៅលើហានិភ័យដែលមានការរួមបញ្ចូលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដំណើរការរបស់ក្រសួង។

លើសពីនេះទៀត ដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើន និងគាំទ្រដល់ការផ្លាស់ប្តូររបស់ប្រទេសឥណ្ឌូណេស៊ីទៅកាន់សេដ្ឋកិច្ចដែលមានកាបូនទាប រដ្ឋាភិបាលបានធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់កម្មវិធីរងទីមួយ ហើយក្នុងចំណោមកម្មវិធីផ្សេងៗទៀតបានលើកកម្ពស់ការវិនិយោគទៅលើប្រសិទ្ធភាពថាមពល និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគបៃតងបន្ថែមទៀត។ ការវិនិយោគផ្ទាល់ពីបរទេសក្នុងការផលិតអាគុយសម្រាប់រថយន្តអគ្គិសនីក៏ត្រូវបានអនុម័តផងដែរ រួមទាំងការចុះហត្ថលេខាលើកិច្ចសន្យាតម្លៃខ្ពស់ចំនួន៥ ដែលក្នុងនោះយ៉ាងហោចណាស់មានការងារចំនួន៤៩.០០០ ត្រូវបានរំពឹងថានឹងត្រូវបានបង្កើត៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា