បរទេស៖ ប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បើកកិច្ចប្រជុំជាបន្តបន្ទាប់នៅទីក្រុងសេអ៊ូលនៅថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីការចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃប្រទេសទាំងបីដែលបានជាប់គាំងជាយូរមកហើយ។
កិច្ចប្រជុំនានាថ្នាក់អគ្គនាយករងនឹងធ្វើឡើងនៅមួយថ្ងៃមុនពេលកិច្ចពិភាក្សាកម្រិតកំពូលក្នុងចំណោមអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ជុង យ៉ុងវុន អនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់របស់ប្រទេសជប៉ុន លោក តាកេហ៊ីរ៉ូ ហ្វូណាកូស៊ី និងជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក នុង រ៉ុង ។
យោងតាមប្រភពមួយបានឱ្យដឹងថា មុនពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំងបី លោក ជុង ជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកមួយជាមួយសមភាគីជប៉ុន និងសមភាគីចិនកាលពីល្ងាចថ្ងៃចន្ទ ចំពេលដែលមានការជំរុញឱ្យបន្តកិច្ចប្រជុំកំពូលត្រីភាគីដែលអាចធ្វើទៅបាន។
កិច្ចប្រជុំកំពូលនៃប្រទេសទាំងបីដែលបានធ្វើឡើងជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០០៨ ត្រូវបានផ្អាកតាំងពីឆ្នាំ២០១៩ មក បន្ទាប់ពីមានជម្លោះរវាងកូរ៉េខាងត្បូង និងជប៉ុន ជុំវិញការសម្រេចផ្តល់សំណងពលកម្មដោយបង្ខំ និងដោយសារជំងឺរាតត្បាតកូវីដ-១៩។
កិច្ចពិភាក្សាស្តីពីតម្រូវការក្នុងការស្តារឡើងវិញនូវទំនាក់ទំនងការទូតនៃកិច្ចប្រជុំកំពូលត្រីភាគីបានធ្វើឡើងបន្ទាប់ពីការយល់ចិត្តគ្នាក្នុងទំនាក់ទំនងដែលជាប់គាំងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាលកូរ៉េខាងត្បូងបច្ចុប្បន្នរបស់លោកប្រធានាធិបតី យូន ស៊ុកយុល កាលពីខែឧសភាឆ្នាំមុន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា