បរទេស៖ អាជ្ញាធរគយនៃទីក្រុងណានជីង បាននិយាយថា មហាអំណាចសេដ្ឋកិច្ចរបស់ខេត្តជាំងស៊ូ នៅភាគខាងកើតប្រទេសចិន បានកត់ត្រាបរិមាណនាំចូល និងនាំចេញសរុបចំនួន ៣,៣៦ទ្រីលានយ័ន (ប្រហែល ៤៦០,៩ប៊ីលានដុល្លារអាម៉េរិក) ចាប់ពីខែមករាដល់ខែសីហា។
តួលេខនេះរួមបញ្ចូលទាំងការនាំចេញចំនួន ២,១៦ទ្រីលានយ័ន និងការនាំចូលចំនួន ១,២ទ្រីលានយ័ន ដែលស្មើនឹង ១២,៤% នៃបរិមាណនាំចូល និងនាំចេញសរុបរបស់ប្រទេសចិនក្នុងអំឡុងពេលដូចគ្នានេះ។
ការនាំចូល និងការនាំចេញរបស់សហគ្រាសឯកជននៃខេត្តជាំងស៊ូបានបន្តកើនឡើងនៅក្នុងឆ្នាំនេះ។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៣ បរិមាណនាំចូល និងនាំចេញរបស់សហគ្រាសឯកជនឈានដល់តម្លៃ ១,៤៧ទ្រីលានយ័ន ដោយកើនឡើង ៣,៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងអំឡុងពេលនោះ ពាណិជ្ជកម្មរបស់ខេត្តជាំងស៊ូជាមួយតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកមានចំនួន ១៥៨,៦២ប៊ីលានយ័ន និង១០០,៤២ប៊ីលានយ័ន ជាមួយនឹងកំណើនពីមួយឆ្នាំទៅមួយឆ្នាំចំនួន ១៤,២% និង៤,៨% រៀងៗគ្នា។
ចាប់ពីខែមករាដល់ខែសីហា ការនាំចេញរបស់ខេត្តជាំងស៊ូសម្រាប់ទំនិញរថយន្តដឹកអ្នកដំណើរអគ្គិសនី អាគុយលីចូម និងបន្ទះស្រូបពន្លឺព្រះអាទិត្យមានសរុបចំនួន ១៣៧,៥២ប៊ីលានយ័ន ហើយការនាំចេញទូរស័ព្ទដៃបានកើនដល់ ៨៦,២៨ប៊ីលានយ័ន។ តួលេខទាំងនេះតំណាងឱ្យកំណើនប្រចាំឆ្នាំចំនួន ២០,៤% និង២២,៦% រៀងៗគ្នា។
ទន្ទឹមនឹងនេះដែរ តម្លៃនៃផលិតផលកសិកម្មនាំចូលរបស់ខេត្តបានកើនឡើងដល់ ១១៨,៣៣ប៊ីលានយ័ន ពោលគឺកើនឡើង ១១,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងចំណោមការនាំចូលទាំងនោះ សណ្តែកសៀងមានចំនួន ៦៧,២១ប៊ីលានយ័ន ជាមួយនឹងកំណើន ១៦,៧% ពីមួយឆ្នាំទៅមួយឆ្នាំ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា