បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក ហ្វៃសាល់ ប៊ីន ហ្វាហាន អាល់ សាអូដ បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា សន្តិសុខនៅមជ្ឈិមបូព៌ាទាមទារនូវដំណោះស្រាយដ៏ត្រឹមត្រូវ និងទូលំទូលាយចំពោះបញ្ហាប៉ាឡេស្ទីន។
រដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតបាននិយាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា «សន្តិសុខនៅមជ្ឈិមបូព៌ាទាមទារឱ្យមានការពន្លឿនក្នុងការស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវ និងទូលំទូលាយចំពោះបញ្ហាប៉ាឡេស្ទីនដោយផ្អែកលើច្បាប់អន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ធានាដល់សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីនក្នុងការបង្កើតរដ្ឋឯករាជ្យមួយនៅក្នុងព្រំដែននៃឆ្នាំ១៩៦៧»។ លោកបាននិយាយបន្ថែមថា ប្រទេសរបស់លោកបដិសេធរាល់សកម្មភាពដែលរារាំងដល់ដំណោះស្រាយរបស់បញ្ហាប៉ាឡេស្ទីន។
លោក ប៊ីន ហ្វាហាន អាល់ សាអូដ ក៏បានកត់សម្គាល់ផងដែរអំពីតម្រូវការសម្រាប់ការកាត់បន្ថយការកើនឡើងភាពតានតឹងនៅក្នុងប្រទេសស៊ូដង់ ដោយបានអំពាវនាវឱ្យមានដំណោះស្រាយចំពោះវិបត្តិស៊ីរី និងបានប្រកាសអំពីចំណាប់អារម្មណ៍របស់ប្រទេសនេះចំពោះសន្តិសុខ និងស្ថិរភាពនៅក្នុងប្រទេសយេម៉ែន។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រីបាននិយាយថា ទីក្រុងរីយ៉ាដកំពុងខិតខំធ្វើឱ្យតម្លៃថាមពលមានស្ថិរភាព។
កាលពីថ្ងៃពុធ រាជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ អាល់ សាអូដ បាននិយាយថា ប្រទេសនេះកាន់តែខិតជិតជារៀងរាល់ថ្ងៃទៅក្នុងការធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយប្រទេសអ៊ីស្រាអែល។ កាលពីថ្ងៃសុក្រសប្តាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយថា ប្រទេសអ៊ីស្រាអែលជិតឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រជាមួយអារ៉ាប៊ីសាអូឌីត ដែលនឹងផ្លាស់ប្តូរមុខមាត់តំបន់មជ្ឈិមបូព៌ា។
ទំនាក់ទំនងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលជាគូបដិបក្ខចាប់តាំងពីឆ្នាំ១៩៤៨ មក។ ប៉ាឡេស្ទីនស្វែងរកការទទួលស្គាល់ការទូតអំពីរដ្ឋឯករាជ្យរបស់ពួកគេនៅលើទឹកដីនៃតំបន់វេសប៊ែង ដែលរួមមានទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលជាមួយផ្នែកមួយដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។ រដ្ឋាភិបាលអ៊ីស្រាអែលបដិសេធមិនទទួលស្គាល់ប៉ាឡេស្ទីនជាអង្គភាពនយោបាយ និងការទូតឯករាជ្យ ហើយនៅតែបន្តសាងសង់ទីតាំងទីលំនៅក្នុងតំបន់កាន់កាប់នោះ បើទោះបីជាមានការជំទាស់ពីអង្គការសហប្រជាជាតិក៏ដោយ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា