​ថៃ និងវៀតណាម សហការគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

0

បរទេស៖ លោកស្រី ភួងផេត ជុនឡៃអាដ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​បាន​និយាយ​ថា ប្រទេស​ថៃ​នឹង​សហការ​ជាមួយ​ប្រទេស​វៀតណាម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ។

ព័ត៌មាននេះត្រូវបានលាតត្រដាងដោយលោកស្រី ភួងផេង បន្ទាប់ពីលោកស្រីបានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាម លោក ង្វៀន ម៉ាញហ៊ុង ដើម្បីទទួលបានការយល់ដឹងអំពីគំនិតផ្តួចផ្តើមប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ កិច្ចប្រជុំនោះបានធ្វើឡើងនៅខាងក្រៅសន្និសីទលើកទី១៨ នៃរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកព័ត៌មាន (AMRI) និងសន្និសីទ AMRI បូក៣ លើកទី៧ នៅទីក្រុងដាណាងរបស់ប្រទេសវៀតណាម ដែលបានធ្វើឡើងចាប់ពីថ្ងៃទី២២-២៣ ខែកញ្ញាកន្លងទៅ។

លោកស្រី​បានកោត​សរសើរដល់ប្រទេស​វៀតណាម​ដែល​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នៅលើ​បណ្តាញ​សង្គម។ យោងតាមលោកស្រី ភួងផេត  បានឱ្យដឹងថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ គឺជាចំណុចសំខាន់មួយមុនពេលកិច្ចប្រជុំ AMRI ដោយលោកស្រីបាននិយាយបន្ថែមថា ប្រទេសថៃក៏គាំទ្រដល់គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិតនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដូចដែលបានអនុម័តនៅក្នុងកិច្ចប្រជុំ AMRI លើកទី១៦ ផងដែរ។

រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ក្រមសីលធម៌​អ្នក​សារព័ត៌មាន​គឺជា​គន្លឹះសំខាន់​ដើម្បី​ធានាបាន​នូវ​ភាព​ជឿជាក់​នៃ​ព័ត៌មាន។ លោកស្រីក៏បានជំរុញឱ្យមានការចែករំលែកព័ត៌មានបន្ថែមទៀតរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា