​ទីក្រុងដាណាងជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តមួយចំនួនរបស់ឡាវ

0

បរទេស៖ គណៈប្រតិភូមកពីគណៈកម្មាធិការកិច្ចការជនជាតិនៃរដ្ឋសភាឡាវដែលដឹកនាំដោយប្រធានសភាឡាវ លោក ខាំចាញ សូតាប៉ាសឺធ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃទីក្រុងដាណាងរបស់ប្រទេសវៀតណាម ដែលជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចការងារនៅវៀតណាម។

នៅក្នុងពិធីនោះ លោក លួង ង្វៀន មីញ ទ្រាត អនុលេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សប្រចាំទីក្រុង និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានជម្រាបជូនដល់ភាគីឡាវអំពីការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ទីក្រុង ក្រោយការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។

បច្ចុប្បន្ននេះ វិស័យទេសចរណ៍ គឺជាចំណុចខ្លាំងមួយនៃការអភិវឌ្ឍរបស់ទីក្រុងដាណាង។ លោកបាននិយាយថា ចាប់តាំងពីដើមឆ្នាំនេះមក ទីក្រុងនេះបានស្វាគមន៍ភ្ញៀវទេសចរប្រមាណជិត ៥,៤លាននាក់ ដោយក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១,៥លាននាក់។

មន្ត្រីរូបនោះបានកត់សម្គាល់ថា ទីក្រុងដាណាងកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិស័យមួយចំនួនរបស់ខ្លួនដែលមានភាពខ្លាំង ដូចជាកំពង់ផែសមុទ្រ ភស្តុភារ បច្ចេកវិទ្យាព័ត៌មាន ទំនាក់ទំនង អេឡិចត្រូនិក និងទូរគមនាគមន៍ ហើយផ្តោតសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

លោក ទ្រាត បាននិយាយថា ទីក្រុងនេះមានទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការជាមួយខេត្តចំនួន៧ នៅក្នុងប្រទេសឡាវ ដោយលោកបានលើកឡើងថា ភាគីទាំងពីរបានរីករាយនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងរក្សាបានទៀងទាត់នូវការផ្លាស់ប្តូរគណៈប្រតិភូដើម្បីជួយសម្រេចនូវកិច្ចសហប្រតិបត្តិការទាំងនោះ។

លោកបាននិយាយបន្តថា ទីក្រុងដាណាងតែងតែយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តនានាក្នុងប្រទេសឡាវ។

ដោយឡែក លោក សូតាប៉ាសឺធ បានកោតសរសើរចំពោះការស្តារឡើងវិញ និងការអភិវឌ្ឍរបស់ទីក្រុងដាណាងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩។ លោកក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់រដ្ឋបាលក្រុងដែលបានជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជាមួយខេត្តនានារបស់ប្រទេសឡាវ។

លោក​បាន​និយាយបន្ត​ថា ដំណើរ​ទស្សន​កិច្ច​នោះ​នឹង​ជួយ​តភ្ជាប់ទំនាក់ទំនង និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍ និង​ការ​អភិវឌ្ឍសង្គម​សេដ្ឋកិច្ច​រវាង​ភាគី​ទាំង​ពីរ៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា