ប្រធានាធិបតីចិនលោកស៊ី នឹងពិចារណាយ៉ាងល្អិតល្អន់ចំពោះដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង

0

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីចិនលោកស៊ី ជីងពីង បាននិយាយថា លោកនឹងពិចារណាយ៉ាងល្អិតល្អន់ចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាព និងសន្តិសុខនៅក្នុងឧបទ្វីបកូរ៉េ។

ទូរទស្សន៍កណ្តាលចិន (CCTV) បានរាយការណ៍ដោយឡែកថា កាលពីថ្ងៃសៅរ៍ លោកស៊ី បានប្រាប់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck-soo ថា ប្រទេសចិនមានឆន្ទៈធ្វើការដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ចាប់តាំងពីឆ្នាំ២០១៤ លោកស៊ី មិនដែលបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងទេ ប៉ុន្តែនៅថ្ងៃសៅរ៍ លោកបានជួបពិភាក្សាជាមួយលោក Han នៅទីក្រុង Hangzhou ភាគខាងកើតប្រទេសចិន មុនពេលពិធីបើកកីឡាអាស៊ី។

ការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការនេះបានកើតឡើងមុនកិច្ចចរចាត្រីភាគី ដែលបានគ្រោងទុកនៅទីក្រុង Seoul នាថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដែលមានបំណងរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរវាងប្រទេសទាំងបីក្នុងរយៈពេល បួនឆ្នាំ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ