ប្រទេសអ៊ីរ៉ង់​បាន​ដោះ​គ្រាប់​បែក​ចំនួន ៣០គ្រាប់​នៅ​រដ្ឋធានី Tehran ដោយចាប់​ខ្លួន​មនុស្ស ២៨នាក់

0

បរទេស៖ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ដោយដកស្រង់ពីក្រសួងចារកម្មថា ក្រុមអាជ្ញាធរក្នុងប្រទេសអ៊ីរ៉ង់បានដោះគ្រាប់បែកចំនួន ៣០គ្រាប់ ដែលការបង្កប់នោះមានបំណងចង់បំផ្ទុះនាពេលដំណាលគ្នាក្នុងរដ្ឋធានី Tehran និងបានឃុំខ្លួនភេរវករ ២៨នាក់ ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងចារកម្មរបស់អ៊ីរ៉ង់បានបន្ថែមថា “សមាជិកមួយចំនួនគឺជាក្រុមរដ្ឋអ៊ីស្លាម (IS) និងឧក្រិដ្ឋជនមានប្រវត្តិពាក់ព័ន្ធជាមួយក្រុម Takfiri នៅក្នុងប្រទេសស៊ីរី អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងតំបន់ Kurdistan នៃប្រទេសអ៊ីរ៉ាក់”។

ក្រុមសកម្មប្រយុទ្ធបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារជាច្រើនលើកក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការបំផ្ទុះគ្រាប់បែកពីរដងយ៉ាងសាហាវកាលពីឆ្នាំ២០១៧ ដែលបានសំដៅទៅលើសភារបស់ប្រទេសអ៊ីរ៉ង់ និងផ្នូររបស់ស្ថាបនិកសាធារណរដ្ឋអ៊ីស្លាមលោក Ayatollah Ruhollah Khomeini ។

ថ្មីៗ​នេះ ក្រុម IS បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​លើ​ទីសក្ការ​សាសនា Shia កាល​ពី​ខែ​តុលា ដែលបង្កឲ្យ​មនុស្ស ១៥នាក់​ត្រូវ​បានស្លាប់​នៅ​ភាគ​និរតី​នៃ​ទីក្រុង Shiraz៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ