បាត់ដំបង៖ នៅថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១០និង៤០នាទី នៅចំណុចក្រុមទី១៣ ភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ការបូបលុយ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានឆក់ការបូបលុយរបស់ជនរងគ្រោះ ឈ្មោះ ប៊ូ ចន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយជនសង្ស័យចំនួន ០១នាក់ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ មាឌធំខ្ពស់ ពាក់អាវយឺតពណ៌ខៀវ ដៃវែងពណ៌ទឹកក្រូច ស្លៀកខោពណ៌ប្រផេះ ពាក់ស្បែកជើងកវែងពណ៌ត្នោត ពាក់មួកសុវត្ថិភាពពណ៌ខ្មៅលាយឆ្នូតពណ៌ក្រហម នៅខាងក្រោយស្ពាយធុងម៉ាស៊ីនបាញ់ថ្នាំពណ៌ទឹកក្រូចលាយស បានធ្វើសកម្មភាព ជិះម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខមិនចាំ ឆក់ទាញយកកាបូបលុយជនរងគ្រោះ ដែលកំពុងជិះម៉ូតូនៅលើដងផ្លូវចំណុចខាងលើ បណ្តាលឲ្យដាច់ខ្សែរកាបូប រួចជិះម៉ូតូគេចខ្លួនបាត់។ សម្ភារៈបាត់បងមាន ការបូបលុយចំនួន០១ និងមានទូរសព្ទ័ដៃចំនួន ០១គ្រឿង ម៉ាក Vivo ពណ៌ខ្មៅ។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ង់ ស៊ីដែន ហៅ ដែន ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នៅចំណុចភូមិអូរត្រាវជូរ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង យកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីសាកសួរ។
ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពស្ពាយម៉ាស៊ីនបាញ់ថ្នាំជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបលុយជនរងគ្រោះជាមនុស្សស្រីនៅចំណុចខាងលើបានសម្រេចពិតប្រាកដមែន។ សម្ភារៈដកហូតបានរួមមាន៖
-ការបូបលុយស្ពាយពណ៌ខ្មៅ ចំនួន០១
-ម៉ាស៊ីនបាញ់ថ្នាំ ចំនួន ០១គ្រឿង
-ទូរស័ព្ទដៃ ចំនួន ០២គ្រឿង ម៉ាក vivo ពណ៌ទឹកប៊ិចចំនួន ០១គ្រឿង និងម៉ាក Oppo ពណ៌ខ្មៅចំនួន ០១គ្រឿង
-អំពូលកែច្នៃសម្រាប់ជក់គ្រឿងញៀន ចំនួន ០១
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាកស្ទិកពណ៌សថ្លាចំនួន ០១ថង់ ។
-ម៉ូតូចំនួន ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ស្លាកលេខ បាត់ដំបង 1AQ-7137 ។
សមត្ថកិច្ចបានឲ្យដឹងថា ចំពោះថ្នាំញៀនម៉ាទឹកកក ចំនួន០១កូនថង់ និងឧបករណ៍សម្រាប់ជក់ដែលសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញនៅក្នុងហោប៉ាវខោរបស់ខ្លួននោះ គឺពិតជារបស់ខ្លួនដែលទិញសម្រាប់ជក់ ដោយទិញពីគេមិនស្គាល់ឈ្មោះ នៅចំណុចតេសាម ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ