រដ្ឋមន្ត្រី​​ការបរទេស​រុស្ស៊ី​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅទី​ក្រុង​ព្យុងយ៉ាង​នៅ​ខែ​ក្រោយ​ ដើម្បី​តាមដាន​ជំនួប​កំពូលរវាង​លោក ​គីម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀ ពូទីន

0

បរទេស៖ អ្នកការទូតកំពូលរបស់រុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងនៅខែក្រោយ ដែលជាផ្នែកមួយនៃវិធានការតាមដានចំពោះកិច្ចប្រជុំកំពូលដ៏កម្ររវាងមេដឹកនាំរបស់ពួកគេកាលពីដើមខែនេះ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ លោកបាន​និយាយ​ថា ដំណើរ​ទស្សន​កិច្ច​នាពេល​ខាង​មុខ​នេះ ​ធ្វើ​ឡើង​តាម​កិច្ច​ព្រម​ព្រៀង​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

លោក គីម និង​លោក ពូទីន បាន​មាន​ជំនួប​កំពូល​នៅ​រុស្ស៊ី​កាលពី​ថ្ងៃ​ទី ១៣ ខែ​កញ្ញា ដោយការ​បង្កើន​ការ​រំពឹង​ទុក​ថា ប្រទេសកូរ៉េ​ខាង​ជើង​អាច​នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ​ក្នុង​ការ​ផ្គត់ផ្គង់​គ្រាប់​រំសេវ​សម្រាប់​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន ជា​ថ្នូរ​នឹង​ជំនួយ​ស្បៀង​អាហារ និង​ការ​ផ្ទេរ​បច្ចេកវិទ្យា​សព្វាវុធ។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង អាចត្រូវបានពិភាក្សាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោក ឡាវរ៉ូវ ខណៈដែលមេដឹកនាំរុស្ស៊ីមុននេះបានទទួលយកការអញ្ជើញរបស់លោក គីម នៅឯកិច្ចប្រជុំកំពូលនោះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា