បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននៅឯកីឡដ្ឋានមជ្ឈមណ្ឌលកីឡាអូឡាំពិកហាន់ចូវនៅក្នុងរដ្ឋធានីនៃខេត្តសេជាំង ភាគខាងកើតប្រទេសចិន។
ព្រឹត្តិការណ៍កីឡាអាស៊ីនៅទីក្រុងហាន់ចូវដែលត្រូវបានពន្យារពេលមួយឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩ នេះ គឺជាលើកទី៣ ដែលប្រទេសចិនធ្វើម្ចាស់ផ្ទះនៅអាស៊ី បន្ទាប់ពីទីក្រុងប៉េកាំងនៅក្នុងឆ្នាំ១៩៩០ និងទីក្រុងក្វាងចូវនៅក្នុងឆ្នាំ២០១០។
លោក រ៉ាចា រ៉េនហ៊ា ស៊ីងហ៍ ប្រធានស្តីទីនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានកោតសរសើរដល់គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីនៅទីក្រុងហាន់ចូវ (HAGOC) ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកនៅក្នុងពិធីបើក។ លោកបាននិយាយថា «អ្នកបានធ្វើការងារដ៏អស្ចារ្យមួយក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី។ ការពន្យារពេលមួយឆ្នាំដោយសារជំងឺរាតត្បាត គឺមិនធ្លាប់មានពីមុនមកទេនៅក្នុងប្រវត្តិសាស្ត្រក្រុមប្រឹក្សា OCA ប៉ុន្តែការឧស្សាហ៍ព្យាយាម និងការតាំងចិត្តរបស់អ្នកនឹងបង្កើតផលក្នុងរយៈពេល ១៦ថ្ងៃបន្ទាប់ ហើយអ្នកនឹងទទួលបានរង្វាន់ជាកីឡាអាស៊ីដ៏អស្ចារ្យ និងជោគជ័យបំផុតដែលមិនធ្លាប់មាន»។
ក្នុងនាមជាអ្នករៀបចំកម្មវិធី និងប្រជាជន ៦៥លាននាក់នៅក្នុងខេត្តសេជាំង ប្រធានគណៈកម្មាធិការ HAGOC លោក វ៉ាង ហាវ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះអត្តពលិកមកពីបណ្តាប្រទេស និងតំបន់ផ្សេងៗគ្នានៅទូទាំងទ្វីបអាស៊ី។
លោក កៅ ហ្សីដាន់ ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកចិន (COC) បាននិយាយថា អ្នករៀបចំបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហាញព្រឹត្តិការណ៍កីឡាអាស៊ីដ៏អស្ចារ្យ។
ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ការប្រកួតកីឡាអាស៊ីទីក្រុងហាន់ចូវនឹងមានកីឡាចំនួន ៤០ប្រភេទ និង ៦១វិញ្ញាសា រួមទាំងព្រឹត្តិការណ៍ចំនួន៤៨១។ លើសពីនេះទៀត កូតាចំនួន៧៤ សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ ត្រូវបានបង្កើតឡើងសម្រាប់ការទទួលយកកីឡាចំនួន៩ ដែលរួមមានទាំងកីឡាបាញ់ធ្នូ និងកីឡាវាយកូនបាល់ជាដើម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា