មីយ៉ាន់ម៉ាចង់នាំចេញពោតបន្ថែមទៀតទៅកាន់ប្រទេសចិននៅក្នុងឆ្នាំនេះ

0

បរទេស៖ សមាគមឧស្សាហកម្មពោតមីយ៉ាន់ម៉ា (MCIA) បានបញ្ជាក់ប្រាប់សារពត៌មានស៊ីនហួថា សមាគម MCIA កំពុងស្វែងរកមធ្យោបាយដើម្បីជំរុញការនាំចេញពោតទៅកាន់ប្រទេសចិននៅក្នុងឆ្នាំ២០២៣ នេះ។

ប្រភពពីសមាគម MCIA បានប្រាប់សារពត៌មានស៊ីនហួថា «យើងរំពឹងថា នឹងនាំចេញពោតចំនួន ៤០០.០០០តោនទៅកាន់ប្រទេសចិននៅក្នុងឆ្នាំនេះ។ ពោត​ត្រូវ​បាន​នាំ​ចេញ​ទៅកាន់​ប្រទេស​ចិន វៀតណាម និង​ហ្វីលីពីន ចាប់​ពី​ខែ​កញ្ញា​ដល់​ខែ​មករា»។

បើទោះបីប្រទេសថៃជាប្រទេសនាំចូលពោតលេខ១ របស់មីយ៉ាន់ម៉ាក៏ដោយ ក៏សមាគមនោះបានស្វែងរកចំណែកដ៏ធំនៃទីផ្សារចិននៅក្នុងឆ្នាំនេះដែរ ដើម្បីជំរុញការនាំចេញពោតរបស់ប្រទេសទាំងមូល។ នេះ​បើ​តាមយោង​តាមសមាគម MCIA។

ពោត​ជា​ទំនិញ​នាំ​ចេញ​ដ៏​សំខាន់​មួយ​របស់​ប្រទេសក្នុងតំបន់​អាស៊ី​អាគ្នេយ៍មួយនេះ ​បន្ទាប់​ពី​សណ្តែក និង​គ្រាប់ធញ្ញជាតិផ្សេងៗទៀត។

ប្រទេសមី​យ៉ាន់​ម៉ា​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា ​នឹង​នាំ​ចេញ​ពោត​ចំនួន ​២​លាន​តោន​នៅក្នុង​ឆ្នាំ​នេះ ហើយក្នុងនោះ ១លានតោនត្រូវបាននាំចេញទៅកាន់ប្រទេសថៃក្នុងអំឡុងខែកុម្ភៈដល់ខែសីហា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា