ប្រធានសភាគុយបាទៅដល់វៀតណាមដើម្បីបំពេញទស្សនកិច្ចផ្លូវការ

0

បរទេស៖ ប្រធានសភាអំណាចប្រជាជនជាតិ (សភា) នៃប្រទេសគុយបា លោក អេស្ទេបាន ឡាហ្សូ បានទៅដល់អាកាសយានដ្ឋានអន្តរជាតិណយបៃក្នុងប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ។

ស្ថាប័ននីតិប្បញ្ញត្តិគុយបាបានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា លោក ឡាហ្សូ បានជួបជាមួយសមាជិកនៃស្ថានទូតគុយបាប្រចាំនៅវៀតណាម នៅពេលដែលលោកបានទៅដល់ប្រទេសវៀតណាម។

ប្រធានសភារូបនោះក៏បានជួបជាមួយអនុប្រធានសហភាពអង្គការនានារបស់វៀតណាម និងសមាជិកសមាគមមិត្តភាពវៀតណាម-គុយបាដែរ ដោយលោកបានសម្តែងការពេញចិត្តចំពោះការត្រលប់ទៅកាន់ប្រទេសវៀតណាមវិញ ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី៥០ នៃដំណើរទស្សនកិច្ចរបស់មេដឹកនាំបដិវត្តគុយបា លោក ហ្វីឌែល កាស្ត្រូ នៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

ភាគីទាំងពីរបានលើកឡើងអំពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងបណ្តាខេត្ត និងទីក្រុងនានារបស់ប្រទេសទាំងពីរ។

សមាជិកនៃគណៈប្រតិភូគុយបាដែលអមដំណើរលោក ឡាហ្សូ បានសម្តែងការដឹងគុណរបស់ប្រទេសគុយបាចំពោះវៀតណាម សម្រាប់ការគាំទ្រដល់ខ្លួនក្នុងគ្រាលំបាក និងក្នុងការប្រយុទ្ធប្រឆាំងនឹងការបិទផ្លូវដែលដាក់ចេញដោយសហរដ្ឋអាមេរិកទៅលើប្រទេសគុយបា៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា