​វ៉េណេស៊ុយអេឡាស្នើដល់អង្គការសហប្រជាជាតិឱ្យបង្កើតតំបន់ពាណិជ្ជកម្មសេរី

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក អ៊ីវ៉ាន់ ហ្គីល បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលវេណេស៊ុយអេឡាស្នើបង្កើតតំបន់គ្មានទណ្ឌកម្ម ដែលប្រតិបត្តិការហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងការវិនិយោគនឹងត្រូវបានការពារពីការរឹតបន្តឹងរបស់លោកខាងលិច។

លោក ហ្គីល បាននិយាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា «យើងស្នើឱ្យបង្កើតតំបន់មួយដែលមិនមានវិធានការបង្ខិតបង្ខំជាឯកតោភាគី ដែលយើងអាចអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់អន្តរធនាគាររបស់យើង ហើយដែលនឹងអនុញ្ញាតឱ្យយើងធានាដល់ការវិនិយោគផ្ទាល់ និងពាណិជ្ជកម្មស្របច្បាប់រវាងប្រទេសរបស់យើងដោយគ្មានហានិភ័យ ឧបសគ្គ ឬទណ្ឌកម្មពីប្រទេសមហាអំណាចលោកខាងលិច»។

លោក ហ្គីល បាននិយាយបន្ថែមថា បើទោះបីជាមានទណ្ឌកម្មក៏ដោយ ក៏សេដ្ឋកិច្ចរបស់វ៉េណេស៊ុយអេឡាបានចាប់ផ្តើមដំណើរការងើបឡើងវិញជាមួយនឹងអត្រាកំណើនដែលបានព្យាករខ្ពស់ជាងប្រទេសដទៃទៀតនៅក្នុងតំបន់ដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា