បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ បាននិយាយថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាស្តីពីអ៊ុយក្រែន ប៉ុន្តែនឹងមិនពិចារណាទៅលើសំណើបទឈប់បាញ់គ្នាណាមួយឡើយ ដោយសារតែទីក្រុងមូស្គូត្រូវបានបោកបញ្ឆោតម្តងរួចមកហើយ។
អ្នកការទូតកំពូលរូបនោះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា «យើងកំពុងធ្វើការងារក្នុងស្ថានភាពជាក់ស្តែងដែលបានអភិវឌ្ឍ។ កាលពីក្នុងខែមីនា និងខែមេសា ឆ្នាំ២០២២ មានកិច្ចចរចាមួយចំនួន ហើយអ្វីៗគ្រប់យ៉ាងត្រូវបានផ្តួចផ្តើមរួចហើយ។ ប៉ុន្តែពីរថ្ងៃក្រោយមក មានព្រឹត្តិការណ៍ប៊ូចា (Bucha) (ព្រឹត្តិការណ៍នៅក្នុងទីក្រុងប៊ូចារបស់ប្រទេសអ៊ុយក្រែន) ដោយសារតែខ្ញុំគិតថា មាននរណាម្នាក់នៅទីក្រុងឡុងដ៍ ឬទីក្រុងវ៉ាស៊ីនតោនមិនចង់ឱ្យសង្រ្គាមនេះបញ្ចប់នោះទេ។ លោក ឡាវរ៉ូវ បានចង្អូលបង្ហាញថា «នោះហើយជាមូលហេតុសម្រាប់ស្ថានភាពនាពេលឥឡូវនេះ ដែលនៅពេលដែលយើងឮអំពីកិច្ចចរចា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអត្ថាធិប្បាយយ៉ាងច្បាស់ថា «ជាការពិត! យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចា ប៉ុន្តែយើងនឹងមិនពិចារណាទៅលើសំណើណាមួយសម្រាប់បទឈប់បាញ់គ្នានោះទេ ព្រោះយើងបានពិចារណាម្តងហើយ ប៉ុន្តែអ្នកបានបោកបញ្ឆោតយើង»។
អ្នកការទូតកំពូលរុស្ស៊ីរូបនោះបានចង្អុលបង្ហាញថា លោកខាងលិចបានហាមប្រាមទីក្រុងគៀវមិនឱ្យចរចាជាមួយទីក្រុងមូស្គូ។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីបាននិយាយថា «យើងមិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចនោះទេ ប៉ុន្តែយើងក៏បានយល់ព្រមសម្រាប់កិច្ចចរចា ដែលយើងបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីក្នុងខែមេសា ឆ្នាំ២០២២ ដែរ»៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា