​ថៃ​មាន​បំណង​បញ្ជូន​ពលករ​ជំនាញចំនួន ១០០.០០០​នាក់​ទៅ​បរទេស

0

បរទេស៖ លោក ភែរ៉ូច ចូទីកាសាទៀន អគ្គនាយកនៃនាយកដ្ឋានការងារបាននិយាយថា ក្រសួងការងាររបស់ប្រទេសថៃបានកំណត់គោលដៅបញ្ជូនពលករជំនាញចំនួន ១០០.០០០នាក់ទៅក្រៅប្រទេសនៅឆ្នាំក្រោយ។

លោក ភែរ៉ូច បាននិយាយថា គោលដៅនោះឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រដ្ឋមន្ត្រីថ្មីនៃក្រសួងការងារថៃ លោក ភីផាត់ រ៉ាតចាគីតប្រាកាន ដែលចង់បង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ប្រជាជនថៃដែលកំពុងធ្វើការនៅបរទេស។

លោកបាននិយាយបន្ថែមថា នាយកដ្ឋានគ្រោងនឹងគាំទ្រដល់ពលករថៃក្នុងការស្វែងរកឱកាសការងារស្របច្បាប់នៅបរទេស ជាពិសេសទីផ្សារដែលមានស្រាប់ជាមួយនឹងការកើនឡើងនៃតម្រូវការកម្លាំងពលកម្ម ដូចជាប្រទេសស៊ុយអែត ហ្វាំងឡង់ អ៊ីស្រាអែល ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន) ជាដើម។

លោក ភែរ៉ូច បាននិយាយថា ប្រទេសថៃគ្រោងនឹងនាំចេញកម្លាំងពលកម្មថៃដែលមានជំនាញភាគច្រើនទៅកាន់ទីផ្សារដែលកំពុងមានការរីកចម្រើន ដែលចាប់អារម្មណ៍ក្នុងការជួលពលករថៃ។ ជាឧទាហរណ៍ ពួកគេសម្លឹងឃើញនូវការបញ្ជូនគិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាពទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ហើយកម្មករសំណង់ អ្នកផ្តល់សេវាសម្រាប់អាកាសយានដ្ឋាន និងស្ថានីយ៍រថភ្លើង បុគ្គលិកផ្តល់សេវាសុខភាពទៅកាន់ប្រទេសកាតា និងកសិករទៅកាន់ប្រទេសហ្ស៊កដានី និងព័រទុយហ្គាល់។

ទន្ទឹមនឹងនេះដែរ ប្រទេសនូវែលហ្សេឡង់ចាប់អារម្មណ៍ចំពោះពលករថៃសម្រាប់សេវាកម្ម និងកសិកម្ម ក៏ដូចជាមុខតំណែងមួយចំនួន ដូចជាស្ថាបត្យករ ទន្តបណ្ឌិត និងគិលានុបដ្ឋាយិកាជាដើម។ លោក​បាននិយាយ​បន្ត​ថា ប្រទេស​អូស្ត្រាលី​កំពុង​ស្វែង​រក​ចុងភៅ​ជនជាតិ​ថៃ ជា​ពិសេស​អ្នក​ដែល​ទទួល​បាន​ការ​បញ្ជាក់​ពី​នាយកដ្ឋាន​អភិវឌ្ឍ​ជំនាញ។

លោក ភែរ៉ូច បាននិយាយថា សម្រាប់ជំហានបន្ទាប់ នាយកដ្ឋានកំពុងទន្ទឹងរង់ចាំសម្រាប់កិច្ចចរចាជាមួយប្រទេសនានាទាក់ទងនឹងការងាររបស់ពលករថៃ។

លោកបាននិយាយថា កិច្ចពិភាក្សាជាមួយវិស័យឯកជនថៃក៏ជាការចាំបាច់ដែរ ដើម្បីពិភាក្សាអំពីកង្វល់ផ្នែកច្បាប់ រួមទាំងកិច្ចសន្យា វិធានការ និងដំណើរការនាំចេញ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា