​ទីក្រុងមីនស្ក៍គាំទ្រចំពោះគំនិតក្នុងការបន្ថែមប្រទេសក្នុងតំបន់អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីនទៅក្នុងក្រុមប្រឹក្សាសន្តិសុខ

0

បរទេស៖ រដ្ឋមន្ត្រីការបរទេសបេឡារុស្ស លោក ស៊ែរហ្គេយ អាលេយនីក បាននិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ប្រទេសបេឡារុស្សគាំទ្រចំពោះសំណើក្នុងការពង្រីកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបន្ថែមសមាជិកអចិន្ត្រៃយ៍ថ្មីមកពីតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។

លោកបាននិយាយនៅក្នុងការជជែកដេញដោលនយោបាយទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា «បច្ចុប្បន្ន វាជាការចាំបាច់ក្នុងការពង្រីកប្រភេទសមាជិកភាពអចិន្ត្រៃយ៍ដោយបន្ថែមបណ្តាប្រទេសកំពុងអភិវឌ្ឍសំខាន់ៗពីតំបន់អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន។ វាជាការប្រសើរដែលដឹងថា ប្រទេសចិន និងរុស្ស៊ីកំពុងគាំទ្រប្រភេទនៃកំណែទម្រង់នេះនៃក្នុងក្រុមប្រឹក្សា ដូចដែលពួកគេបានប្រកាសក្នុងវេទិកាមួយចំនួន»។

លោកបាននិយាយថា សមាជិកចំនួន៣ ដែលនៅសល់ (ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង) ចាំបាច់ត្រូវ «ទទួលស្គាល់ការផ្លាស់ប្តូរនេះ និងយល់ព្រមដើម្បីបិទត្រាជាផ្លូវការ»។

លោក អាលេយនីក បាននិយាយថា ជាមួយនឹងសមាជិកអចិន្ត្រៃយ៍ចំនួន៣ ក្នុងចំណោមសមាជិកអចិន្ត្រៃយ៍ទាំង៥ ដែលតំណាងឱ្យលោកខាងលិច ក្រុមប្រឹក្សាសន្តិសុខនាពេលបច្ចុប្បន្ននេះ គឺមិនឆ្លុះបញ្ចាំងពីការពិតនយោបាយនាពេលបច្ចុប្បន្ននោះទេ។ លោក​បាននិយាយ​បន្ត​ថា «​ពួកគេ [​សមាជិក​ទាំងនោះ​] មិន​ចាប់អារម្មណ៍​ក្នុង​ការ​ផ្លាស់ប្តូរ​ស្ថានភាព​ពិភពលោក​នោះ​ទេ​។ ដូច្នេះហើយ ក្រុមប្រឹក្សាសន្តិសុខមិនបានបំពេញមុខងាររបស់ខ្លួនដើម្បីគាំទ្រដល់សន្តិភាព និងសន្តិសុខអន្តរជាតិនោះទេ។ មានតែការបន្ថែមអ្នកតំណាង និងលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះដែលអាចទប់ទល់នឹងកិច្ចការនេះបាន»។

បច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសមាជិកអចិន្ត្រៃយ៍ចំនួន៥ ដែលមានសិទ្ធិវេតូ គឺប្រទេសរុស្ស៊ី ចក្រភពអង់គ្លេស ចិន សហរដ្ឋអាមេរិក និងបារាំង។ គួរបញ្ជាក់ផងដែរថា ស្ថាប័នធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់អង្គការសហប្រជាជាតិមួយនេះ មានសមាជិកមិនអចិន្ត្រៃយ៍ចំនួន១០ ដែលត្រូវបានជ្រើសរើសដោយមហាសន្និបាតសម្រាប់អាណត្តិរយៈពេល២ឆ្នាំ និងកាន់អាសនៈរបស់ពួកគេនៅលើមូលដ្ឋានវិលជុំតាមតំបន់ភូមិសាស្ត្រ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា