បរទេស៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរកឃើញសាកសពបុរសកូរ៉េខាងជើងម្នាក់ដែលត្រូវបានគេសន្មត់ថាបានស្លាប់នៅលើកោះភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូងកាលពីដើមខែនេះ ហើយមានបំណងចង់ប្រគល់វាទៅកាន់ប្រទេសកូរ៉េខាងជើងវិញ។
យោងតាមក្រសួងទទួលបន្ទុកកិច្ចការអន្តរកូរ៉េ សាកសពជនមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានរកឃើញនៅឆ្នេរកោះសុងម៉ូ ក្នុងសមុទ្រលឿង កាលពីថ្ងៃទី១០ ខែកញ្ញា។ អាជ្ញាធរបានកំណត់ថា បុរសនោះជាជនជាតិកូរ៉េខាងជើង បន្ទាប់ពីពិនិត្យមើលសម្ភារៈរបស់គេ។
លោក គូ យ៉ុងសាម អ្នកនាំពាក្យក្រសួងបានថ្លែងថា «យើងស្នើឱ្យប្រគល់សព និងសម្ភារៈវិញនៅវេលាម៉ោង ៣:០០រសៀលថ្ងៃទី២៦ ខែកញ្ញា តាមភូមិព្រំដែនផាន់មុនជុំ ក្នុងគោលបំណងមនុស្សធម៌ និងភាតរភាព»។
ក្រសួងបាននិយាយបន្ថែមថា សម្ភារៈទាំងនោះរួមមាន ផ្លាកសញ្ញាដែលបង្ហាញពីរូបភាពរបស់ស្ថាបនិកចុងក្រោយរបស់កូរ៉េខាងជើង គឺលោក គីម អ៊ីលស៊ុង និងអតីតមេដឹកនាំ លោក គីម ជុងអ៊ីល និងកំណត់ហេតុមួយដែលមិនបានបញ្ជាក់។
កាលពីខែវិច្ឆិកាឆ្នាំមុន និងក្នុងខែមិថុនា ក្រសួងបានស្នើឱ្យប្រគល់សាកសពជនជាតិកូរ៉េខាងជើងចំនួន ២នាក់ ដែលសន្មត់ថាបានរកឃើញស្លាប់ដាច់ដោយឡែកពីគ្នានៅកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងត្បូងបានបូជាសពទាំងនោះ ដោយសារតែប្រទេសកូរ៉េខាងជើងមិនបានឆ្លើយតបនឹងសំណើរបស់កូរ៉េខាងត្បូង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា