បរទេស៖ ពិព័រណ៍រដ្ឋចិន-អារ៉ាប់លើកទី៦ បានធ្វើពិធីបើកកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងយីនឈ័ន រដ្ឋធានីនៃតំបន់ស្វយ័តនីងស៊ាហ៊ុយ នៅភាគពាយព្យនៃប្រទេសចិន។
ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ថ្ងៃនេះ ទាក់ទាញការចូលរួមពីអ្នកទស្សនាមកពីជាង ៥០ប្រទេស ដែលរួមមានទាំងប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេសម៉ូរីតានីផងដែរ។
ពិព័រណ៍នៅក្នុងឆ្នាំនេះ រួមមានពិព័រណ៌ពាណិជ្ជកម្ម និងវេទិកាស្តីពីពាណិជ្ជកម្ម និងវិនិយោគ កសិកម្មទំនើប ពាណិជ្ជកម្មឆ្លងព្រំដែន ទេសចរណ៍វប្បធម៌ សុខភាព ការប្រើប្រាស់ធនធានទឹក និងកិច្ចសហប្រតិបត្តិការឧតុនិយម។
ក្រោមការឧបត្ថម្ភដោយក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ និងរដ្ឋាភិបាលក្នុងតំបន់នីងស៊ា ពិព័រណ៍ដែលបានធ្វើឡើងអស់រយៈពេលដប់ឆ្នាំកន្លងមកនេះ បានទាក់ទាញអ្នកចូលរួមជាង ៤០០.០០០នាក់ និងសហគ្រាសចំនួន៦.០០០ មកពី ១១២ប្រទេស និងតំបន់ ដែលបានចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការជាង ១.២០០គម្រោង នៅលើវិស័យកសិកម្មទំនើប បច្ចេកវិទ្យាខ្ពស់ និងជីវវេជ្ជសាស្ត្រជាដើម។
ឥឡូវនេះ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រដ្ឋអារ៉ាប់។ ទំហំពាណិជ្ជកម្មចិន-អារ៉ាប់ ស្ទើរតែកើនឡើងទ្វេដងពីកម្រិតឆ្នាំ២០១២ ដែលឈានដល់តម្លៃ ៤៣១,៤ប៊ីលានដុល្លារអាម៉េរិកកាលពីឆ្នាំមុន។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ពាណិជ្ជកម្មរវាងប្រទេសចិន និងរដ្ឋអារ៉ាប់ បានឈានដល់ ១៩៩,៩ប៊ីលានដុល្លារអាម៉េរិក៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា