ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ដេវីដ វីប្យូសស្គី ភារធារីតំណាងការិយាល័យស្ថានទូតកាណាដា នៅភ្នំពេញបានលើកឡើងពីការកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងល្អរវាងកម្ពុជា និងកាណាដា និងបានពិភាក្សាអំពីមធ្យោបាយ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមទាំងវិស័យដោះមីន ប្រតិបត្តិការរក្សាសន្តិភាព អប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។ ការលើកឡើងរបស់ភាគីទាំងពីរនេះ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេស។


ឯកឧត្តម ជុំ សុន្ទរី បានរម្លឹកពីជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានាពេលនោះ និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ដែលមេដឹកនាំទាំងពីរបានពិភាក្សាអំពីជំនួយរបស់ប្រទេសកាណាដាក្នុងការបោសសម្អាតមីននៅកម្ពុជា។ ឯកឧត្តមបានបន្តការអំពាវនាវរបស់កម្ពុជាឱ្យមានការរួមចំណែករបស់កាណាដាក្នុងការជួយដល់កម្ពុជា សម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីនឆ្នាំ ២០២៥” ។
ជាមួយគ្នានេះ ភាគីទាំងពីរ មានទស្សនៈដូចគ្នា ក្នុងការពន្លឿនដំណើរការនៃការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងក្លាយជាទីកន្លែងមួយដ៏ល្អក្នុងការស្វែងរក កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌអាស៊ាន ដោយវាយតម្លៃពីការចូលរួមដ៏សកម្មរបស់កាណាដា ឯកឧត្តមរដ្ឋលេខាធិការក៏បានសម្តែងការអបអរសាទរចំពោះការដំឡើងទំនាក់ទំនងអាស៊ាន-កាណាដាទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ជាផ្លូវការនៅក្នុងខែកញ្ញាឆ្នាំ២០២៣នេះ។


លោក ដេវីដ វីប្យូសស្គី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់កម្ពុជាក្នុងដំណើរការនេះ។
ឯកឧត្តមរដ្ឋលេខាធិការ និង លោកភារធារី ក៏បានសម្តែងក្តីសោមនស្ស ចំពោះ វឌ្ឍនភាពនៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាផងដែរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា