លោក ស៊ី ជីនពីង នឹង​ចូលរួម​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍កីឡាអាស៊ីលើក​ទី​១៩ និងរៀបចំ​ព្រឹត្តិការណ៍​ការទូត

0

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហួ ជុនយីង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា នៅថ្ងៃទី២២ និងទី២៣ ខែកញ្ញានេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅទីក្រុងហាងហ្សូ និងរៀបចំពិធីជប់លៀងស្វាគមន៍ និងព្រឹត្តិការណ៍ទ្វេភាគីសម្រាប់ថ្នាក់ដឹកនាំបរទេសដែលចូលរួមក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡានោះ។

មេដឹកនាំ​បរទេស​ដែល​ចូល​រួម​ក្នុង​ពិធី​បើកព្រឹត្តិការណ៍កីឡា​នៅ​ក្នុងប្រទេស​ចិននោះ រួមមានព្រះ​មហាក្សត្រនៃព្រះរាជាណាកចក្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ​ប្រធានាធិបតីស៊ីរី លោក បាសារ អាល់ អាសាដ ព្រះអង្គមហាក្សត្រនៃប្រទេសគុយវ៉ែត ព្រះអង្គម្ចាស់ សីខ៍ មេសាល អាល់ អាហ៍មេដ អាល់ ចាបើ អាល់ សាបាហ៍ នាយករដ្ឋមន្ត្រីនេប៉ាល់ លោក ប៉ូសហ៍ប៉ា កាម៉ាល់ ដាហាល់ ប្រាចាន់ដា នាយករដ្ឋមន្ត្រីទីម័រឡេស្តេ លោក សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន់ ឌុកស៊ូ និងប្រធានសភាម៉ាឡេស៊ី លោក ចូហារី ប៊ីន អាប់ឌុល។

លើសពីនេះទៀត ស្តេចស៊ុលតង់ ព្រះអង្គម្ចាស់ ហាជី ស៊ូហ្វ្រី ប៊ូលគៀហ៍ នៃប្រទេសប្រ៊ុយណេ  ព្រះអង្គម្ចាស់ សីហ៍ ចូអាន ប៊ីន ហាម៉ាដ ប៊ីន ខាលីហ្វា អាល់ ថានី នៃប្រទេសកាតា

ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហូសសេន នៃប្រទេសហ្ស៊កដានី ព្រះនាង ស៊ីរីវ៉ាន់ណាវ៉ារី នៃប្រទេសថៃ និងឧបនាយករដ្ឋមន្ត្រីកៀហ្ស៊ីស៊ីស្ថាន លោក អ៊ីឌីល បៃសាឡូវ នឹងចូលរួមព្រឹត្តិការណ៍នោះដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា