​ថៃ​សន្យា​ធ្វើ​ការងារ​ដើម្បី​សម្រេច​បាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព

0

បរទេស៖ នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ស្រេតថា ថៈវីស៊ីន បានសន្យាថានឹងធ្វើការងារដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDG) នៅក្នុងកិច្ចសន្ទនារបស់មេដឹកនាំទី៦ នៃកិច្ចប្រជុំកំពូល SDG ឆ្នាំ២០២៣ ដែលធ្វើឡើងនៅខាងក្រៅសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី១៩ ខែកញ្ញា។

លោក ស្រេតថា បានកត់សម្គាល់ថា សហគមន៍អន្តរជាតិចាំបាច់ត្រូវដោះស្រាយបញ្ហាហិរញ្ញវត្ថុ បង្កើនការវិនិយោគក្នុង SDGs និងបង្កើតការអនុវត្តប្រកបដោយសមធម៌ក្នុងរចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

លោកក៏បានសម្តែងការគាំទ្រផងដែរចំពោះការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធើរេស សម្រាប់កញ្ចប់ថវិកាលើកទឹកចិត្តប្រចាំឆ្នាំចំនួន ៥០០ប៊ីលានដុល្លារអាម៉េរិករហូតដល់ឆ្នាំ២០៣០។

លោកបានប្រកាសពីការប្តេជ្ញាចិត្តថ្នាក់ជាតិចំនួន៣ ក្នុងគោលបំណងជំរុញ SDGs ដោយមានគោលដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ខណៈដែលផ្តល់សិទ្ធិអំណាចដល់ផ្នែកផ្សេងៗនៃសង្គមផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា