បរទេស៖ ធនាគារអភិវឌ្ឍអាស៊ី (ADB) បានកែសម្រួលការព្យាកររបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចប្រទេសឡាវនៅក្នុងឆ្នាំ២០២៣ មកនៅត្រឹម ៣,៧% ពីការព្យាករចំនួន ៤,០% ដែលបានចេញផ្សាយកាលពីខែមេសា។
យោងតាមទស្សនវិស័យអភិវឌ្ឍអាស៊ី (ADO) នៅក្នុងខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចក្នុងប្រទេសឡាវត្រូវបានព្យាករថានឹងយឺតជាងការរំពឹងទុក ដោយសារការរំពឹងទុកនៃកំណើនធ្លាក់ចុះនៅក្នុងប្រទេសចិន និងសម្ពាធម៉ាក្រូសេដ្ឋកិច្ចដែលកើតឡើងពីបំណុលសាធារណៈដែលមិនស្ថិតស្ថេរ និងរូបិយប័ណ្ណឡាវដែលចុះខ្សោយ។
ការព្យាករកំណើនសម្រាប់ឆ្នាំ២០២៤ ត្រូវបានរក្សាទុកនៅចំនួន ៤,០%។
ការទប់ស្កាត់អតិផរណា គឺជាបញ្ហាប្រឈមចម្បងសម្រាប់ប្រទេសឡាវ។ បើទោះបីជាអតិផរណាបានធ្លាក់ចុះកាលពីក្នុងខែសីហាមកនៅត្រឹម ២៥,៨៨% ពីចំនួន ២៨,៦៤% កាលពីក្នុងខែមិថុនា និង ២៧,៨% កាលពីក្នុងខែកក្កដាក៏ដោយ ក៏អត្រានេះនៅតែស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅក្នុងតំបន់។ ការិយាល័យស្ថិតិឡាវបាននិយាយថា ប្រាក់គីបខ្សោយជាកត្តាជំរុញដ៏សំខាន់មួយនៃអតិផរណា។
ប្រព័ន្ធផ្សព្វផ្សាយឡាវបានដកស្រង់សម្តីនាយកធនាគារ ADB ប្រចាំប្រទេសឡាវ លោក សូណូមី តាណាកា ដែលបាននិយាយថា ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អ រួមទាំងការសម្របសម្រួលកាន់តែខ្លាំងទៅលើគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុ គឺជាការចាំបាច់ជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសឡាវ៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា