ថៃនឹងខ្ចីថវិកាជាង ៦៦ប៊ីលានដុល្លារអាម៉េរិកសម្រាប់ឆ្នាំសារពើពន្ធ២០២៤

0

បរទេស៖ រដ្ឋាភិបាលថៃគ្រោងនឹងខ្ចីថវិកាប្រហែល ២,៤ទ្រីលានបាត (ប្រមាណជិត ៦៦,៦៥ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ឆ្នាំសារពើពន្ធ២០២៤ ចាប់ពីថ្ងៃទី១ ខែតុលាទៅ ដែលកើនឡើងប្រហែល ៩% បើធៀបទៅនឹងឆ្នាំសារពើពន្ធនាពេលបច្ចុប្បន្ន។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុថៃ។

ថវិកាជាង ៧០០ប៊ីលានបាតនៃចំនួនថវិកាសរុបខាងលើ គឺជាការខ្ចីថ្មីដើម្បីផ្តល់ហិរញ្ញប្បទានដល់ឱនភាពថវិកា ហើយប្រហែល ១,៧ទ្រីលានបាតនឹងត្រូវកំណត់សម្រាប់ការផ្តល់ហិរញ្ញប្បទានឡើងវិញ និងរៀបចំរចនាសម្ព័ន្ធបំណុលដែលមានស្រាប់ឡើងវិញ។

ប្រហែលពាក់កណ្តាលនៃមូលនិធិនោះ នឹងត្រូវបានលើកឡើងតាមរយៈការលក់មូលបត្របំណុលរបស់រដ្ឋាភិបាល ខណៈដែលថវិកាដែលនៅសល់នឹងត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈវិក្កយបត្ររតនាគារ ប័ណ្ណសន្សំ ការប្តូរសញ្ញាប័ណ្ណ និងលិខិតសន្យា។

រដ្ឋាភិបាលថៃគ្រោងនឹងលក់មូលបត្របំណុលរដ្ឋាភិបាលដែលមានតម្លៃរហូតដល់ ២៧២ប៊ីលានបាតនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ។

គណៈរដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃបានអនុម័តទៅលើការចំណាយថវិកាខ្ពស់ជាងមុនដែលមានចំនួន ៣,៤៨ទ្រីលានបាតសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលរួមជាមួយនឹងឱនភាពថវិកាជាង ៦៩៣ប៊ីលានបាត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ចៃ វ៉ាចារ៉ុនកេ បានឱ្យដឹងថា ការដំឡើងថវិកានេះ គឺដើម្បីផ្គូផ្គងផែនការហិរញ្ញវត្ថុរយៈពេលមធ្យមសម្រាប់រយៈពេលឆ្នាំ២០២៤-២០២៧ ដែលស្នើឡើងដោយគណៈកម្មាធិការគោលនយោបាយស្ថាប័នហិរញ្ញវត្ថុនៃធនាគារថៃ៕

ប្រភព៖​ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា