បរទេស៖ នាយករដ្ឋមន្ត្រីថៃ និងអភិបាលក្រុងបាងកក បានជួបពិភាក្សាគ្នាអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍទីក្រុងមួយនេះ។ មន្ត្រីទាំងពីរបានឯកភាពគ្នាទៅលើការបង្កើតគណៈកម្មាធិការពន្លឿនការអភិវឌ្ឍ ដើម្បីជំរុញបេសកកម្មរបស់ទីក្រុងនេះ។
បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថៈវីស៊ីន បានជួបពិភាក្សាជាមួយអភិបាលក្រុងបាងកក លោក ឆាដឆាត ស៊ីធីពុនត៍ ស្តីពីគំនិតផ្តួចផ្តើមអភិវឌ្ឍសម្រាប់រាជធានីមួយនេះរបស់ប្រទេសថៃ។ អ្នកទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាដែលកំពុងត្រូវបានដោះស្រាយដោយរដ្ឋបាលក្រុងបាងកក ខណៈដែលលោកនាយករដ្ឋមន្ត្រីថៃបានសម្តែងការគាំទ្រចំពោះអភិបាលក្រុងបាងកកដើម្បីសម្រេចបាននូវគោលដៅរបស់លោក។
លោកនាយករដ្ឋមន្ត្រី និងអភិបាលក្រុងបានឯកភាពគ្នាទៅលើគំនិតផ្តួចផ្តើមបង្កើតគណៈកម្មាធិការតូចមួយដែលមានសមាជិកពី ៦នាក់ទៅ ៧នាក់ ដើម្បីជំរុញការអភិវឌ្ឍរាជធានីរបស់ប្រទេសថៃមួយនេះតាមរយៈគោលនយោបាយ និងធ្វើឱ្យទីក្រុងបាងកកក្លាយជាទីក្រុងដែលកាន់តែចង់រស់នៅបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាលថៃនឹងផ្តល់ការគាំទ្រដល់អភិបាលក្រុងបាងកក ខណៈដែលរូបលោកផ្ទាល់នឹងអាចចេញសេចក្តីណែនាំដែលលើសពីសមត្ថកិច្ចរបស់អភិបាលខេត្ត តាមរយៈគណៈកម្មាធិការអភិវឌ្ឍដែលបានស្នើឡើងនោះ។
មន្ត្រីទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីបញ្ហានៃការបោកប្រាស់ភ្ញៀវទេសចរ ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ខុសច្បាប់ និងតាក់ស៊ីជាដើម ព្រមទាំងបញ្ហាបន្តទាក់ទងនឹងរថភ្លើងក្រោមដីខ្សែបៃតងរបស់ទីក្រុងបាងកកដែរ។ មន្រ្តីទាំងពីរបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់សម្រាប់តម្លាភាពក្នុងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជននាពេលអនាគតនៅក្នុងប្រតិបត្តិការខ្សែរថភ្លើងក្រោមដីដែលនឹងផ្តល់អត្ថប្រយោជន៍ច្រើនបំផុតដល់សាធារណជនទូទៅ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា