បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីបានរាយការណ៍កាលពីថ្ងៃទី២០ ខែកញ្ញាថា ប៉ូលិសក្នុងតំបន់បានរឹបអូស ឬបង្កកទ្រព្យសម្បត្តិជាង ១,៧៦ប៊ីលានដុល្លារអាម៉េរិក នៅក្នុងសំណុំរឿងលាងលុយដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសសិង្ហបុរី។
ក្នុងការវាយឆ្មក់ប្រឆាំងនឹងបទល្មើសលាងលុយអន្តរជាតិដែលគេសង្ស័យកាលពីខែមុន អាជ្ញាធរសិង្ហបុរីបានរឹបអូសទ្រព្យសម្បត្តិប្រមាណជិត ៧៥០លានដុល្លារអាម៉េរិក ដែលរួមមានទាំងគណនីធនាគារ សាច់ប្រាក់ អចលនទ្រព្យ យានយន្ត និងទំនិញប្រណីតៗផ្សេងទៀត។ មន្រ្តីប៉ូលិសក៏បានចាប់ខ្លួនជនបរទេសចំនួន ១០នាក់ដែលជាសមាជិកក្រុមដែលគេសង្ស័យថាជាអ្នកលាងលុយពីសកម្មភាពឧក្រិដ្ឋកម្មនៅក្រៅប្រទេសដែលរួមមានទាំងបទល្មើសឆបោក និងល្បែងស៊ីសងតាមអនឡាញផងដែរ។
មន្រ្តីប៉ូលីសបានបញ្ជាក់កាលពីថ្ងៃទី២០ ខែកញ្ញាថា ពួកគេបានធ្វើប្រតិបត្តិការបន្ថែម និងរឹបអូសទ្រព្យសម្បត្តិបន្ថែម ដែលនាំឱ្យចំនួនសរុបដែលពាក់ព័ន្ធមានចំនួនជាង ២,៤ប៊ីលានដុល្លារសិង្ហបុរី (១,៧៦ប៊ីលានដុល្លារអាម៉េរិក)។
ទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសនៅពេលនោះ រួមមានគណនីធនាគារដែលមានតម្លៃប៉ាន់ស្មានប្រមាណជាង ៨២៨លានដុល្លារអាម៉េរិក សាច់ប្រាក់សុទ្ធជាង ៥៥,៨លានដុល្លារអាម៉េរិក មាសចំនួន ៦៨ដុំ កាបូបប្រណីតចំនួន ២៩៤កាបូប និងនាឡិកាប្រណីត គ្រឿងអលង្ការ និងឧបករណ៍អេឡិចត្រូនិកចំនួន ១៦៤គ្រឿង។
ទ្រព្យសម្បត្តិជាង១១០ និងយានយន្តចំនួន ៦២គ្រឿងដែលមានតម្លៃប៉ាន់ស្មានសរុបជាង ៩០០លានដុល្លារអាម៉េរិកត្រូវបានបង្កក។
ប្រទេសសិង្ហបុរីដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក មានច្បាប់តឹងរ៉ឹងប្រឆាំងនឹងការលាងលុយកខ្វក់ ដោយការដាក់ទណ្ឌកម្មខ្ពស់បំផុត គឺជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា