គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​​សម្រេច​ពី​ស្ថានភាពជា​សកលនៃឧទ្យានប្រវត្តិសាស្រ្តស៊ីទេពរបស់ថៃ

0

បរទេស៖ សម័យ​ប្រជុំ​លើក​ទី​៤៥ ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោកត្រូវបាន​ធ្វើឡើង​នៅ​ទីក្រុង​រីយ៉ាដនៃប្រទេស​អារ៉ាប៊ីសាអូឌីត។ ចំណុចសំខាន់នៃការចាប់អារម្មណ៍របស់ប្រទេសថៃនៅក្នុងសម័យប្រជុំនោះ គឺថាតើឧទ្យានប្រវត្តិសាស្ត្រ ស៊ីទេពនឹងត្រូវបានចុះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូដែរឬក៏យ៉ាងណា។

គណៈប្រតិភូថៃដែលរៀបចំបានយ៉ាងល្អបាននិយាយថា ពួកគេមានទំនុកចិត្តក្នុងការដោះស្រាយរាល់កង្វល់ដែលគណៈកម្មាធិការអាចមាន។ លោក ពីរូន សៃយ៉ាស៊ីតប៉ានិច អគ្គលេខាធិការគោលនយោបាយ និងផែនការធនធានធម្មជាតិ និងបរិស្ថានបានបង្ហើបឱ្យដឹងថា កិច្ចប្រជុំបន្តដែលបានបញ្ចប់កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅនេះ នឹងពិនិត្យទៅលើបេក្ខភាពឧទ្យានប្រវត្តិសាស្ត្រស៊ីទេពដែលស្ថិតនៅក្នុងខេត្តភេតចាប៊ុនរបស់ប្រទេសថៃ។ ប្រសិន​បើ​ត្រូវ​បាន​អនុម័ត វា​នឹង​ក្លាយ​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ទី៤ ​របស់​ប្រទេស​ថៃ។

លោក ចាទុផន ប៊ូរូសផាត លេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំនោះ បានរំពឹងថានឹងមានលទ្ធផលវិជ្ជមាន ខណៈដែលឯកសារចាំបាច់ទាំងអស់ត្រូវបានដាក់ជូនគណៈកម្មាធិការរួចរាល់។

ប្រសិនបើឧទ្យានប្រវត្តិសាស្ត្រស៊ីទេព ដែលជាត្បូងលាក់កំបាំងដែលមានប្រវត្តិសាស្ត្រជាង ១.៧០០ឆ្នាំមកហើយនោះទទួលបានឋានៈជាបេតិកភណ្ឌពិភពលោក វានឹងក្លាយជាបេតិកភណ្ឌពិភពលោកទី៧ របស់ប្រទេសថៃដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ហើយវានឹងលើកតម្កើងកេរ្តិ៍ឈ្មោះរបស់ឧទ្យាននេះជាគោលដៅអប់រំ និងទេសចរណ៍ដ៏សំខាន់ ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា