បរទេស៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា លោកប្រធានាធិបតី យូន ស៊ុកយុល បានជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូធើរេស និងបានសម្តែងនូវបំណងចង់បន្តធ្វើការងារជាមួយស្ថាប័នពិភពលោកមួយនេះដើម្បីទប់ស្កាត់ការបង្កហេតុរបស់កូរ៉េខាងជើង និងកែលម្អលក្ខខណ្ឌសិទ្ធិមនុស្សរបស់ខ្លួន។
ការិយាល័យប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អ្នកទាំងពីរបានជួបគ្នានៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងអង្គការសហប្រជាជាតិ រួមទាំងបញ្ហាឧបទ្វីបកូរ៉េ និងសង្គ្រាមនៅអ៊ុយក្រែន។
លោក យូន បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសាមគ្គីភាពជាសកលដែលផ្តោតសំខាន់ទៅលើអង្គការសហប្រជាជាតិក្នុងយុគសម័យ «ពហុវិបត្តិ» នាពេលបច្ចុប្បន្ន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសកូរ៉េខាងត្បូងក្នុងការបំពេញ «តួនាទីទទួលខុសត្រូវ» ឱ្យសមនឹងឋានៈរបស់ខ្លួននៅលើឆាកអន្តរជាតិ។
លោក ហ្គូធើរេស បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូងសម្រាប់សកម្មភាពរបស់ខ្លួន និងការរួមចំណែកនៅក្នុងអង្គការសហប្រជាជាតិរហូតមកដល់ពេលនេះ ដោយលោកបាននិយាយថា លោកទន្ទឹងរង់ចាំការទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងអំឡុងពេលអាណត្តិជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់ប្រទេសនោះ ដើម្បីជួយដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ។
លោកក៏បានអះអាងសារជាថ្មីពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការធ្វើការងាររួមគ្នាសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការកែលម្អលក្ខខណ្ឌសិទ្ធិមនុស្សរបស់ខ្លួន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា