បរទេស៖ គណៈកម្មាធិការសុខភាពជាតិចិនបានប្រកាសកាលពីថ្ងៃពុធថា អាជ្ញាធរសុខាភិបាលចិនបានចងក្រងបញ្ជីនៃជំងឺកម្រជាលើកទី២ របស់ប្រទេសនេះ។
ក្នុងនោះរួមមានជំងឺកម្រចំនួន៨៦ នៅក្នុងឯកទេសវេជ្ជសាស្ត្រចំនួន ១៧ប្រភេទ ដែលរួមមានទាំងជំងឺទាក់ទងនឹងឈាម សើស្បែក និងជំងឺកុមារ។ ជាមួយនឹងការចេញផ្សាយរបស់ខ្លួន បញ្ជីនៃជំងឺកម្ររបស់ប្រទេសចិនឥឡូវនេះបានកត់ត្រានូវជំងឺចំនួន២០៧ ។
លោក ហ្សាង ស៊ូយ៉ាង ប្រធានមន្ទីរពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រសហភាពប៉េកឃីង បាននិយាយថា បញ្ជីនៃជំងឺកម្រនោះផ្តល់នូវមូលដ្ឋានច្បាប់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជំងឺកម្រ ពង្រឹងការព្យាបាល និងការការពារសិទ្ធិអ្នកជំងឺកម្រចំពោះវិស័យសុខភាព។
លោក ហ្សាង បាននិយាយបន្ថែមថា បញ្ជីនោះអាចដឹកនាំការងារនាពេលអនាគត ដូចជាការកសាងសមត្ថភាពព្យាបាលជំងឺកម្រ បង្កើនលទ្ធភាពប្រើប្រាស់ឱសថ និងបង្កើតប្រព័ន្ធការពារសិទ្ធិអ្នកជំងឺ។
ប្រទេសចិនបានចេញផ្សាយបញ្ជីបែបនេះជាលើកដំបូងរបស់ខ្លួនកាលពីក្នុងខែឧសភា ឆ្នាំ២០១៨៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា