បរទេស៖ អាជ្ញាធរចិនបានចេញសេចក្តីណែនាំមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យរវាងព្រះរាជអាជ្ញា និងនាយកដ្ឋាននគរបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ដោះស្រាយការកេងបន្លំ និងឧក្រិដ្ឋកម្មស៊ីសំណូក។
សេចក្តីណែនាំនោះត្រូវបានដាក់ចេញដោយកិច្ចសហការគ្នារវាងគណៈកម្មការជាតិត្រួតពិនិត្យ អគ្គព្រះរាជអាជ្ញា និងក្រសួងសន្តិសុខសាធារណៈ។
នៅពេលស៊ើបអង្កេតករណីកេងបន្លំ និងឧក្រិដ្ឋកម្មស៊ីសំណូក អង្គភាពត្រួតពិនិត្យត្រូវកំណត់កម្មសិទ្ធិ ប្រភព ទិសដៅនៃទ្រព្យសម្បត្តិដែលពាក់ព័ន្ធ និងប្រាក់ចំណេញដែលទទួលបាន។ ពួកគេគួរតែបញ្ជូនភ្លាមៗនូវករណី ឬព័ត៌មានទាក់ទងនឹងឧក្រិដ្ឋកម្មលាងលុយកខ្វក់នោះដល់ស្ថាប័នសន្តិសុខសាធារណៈ។ នេះបើយោងតាមសេចក្តីណែនាំនោះ។
យោងតាមឯកសារបានឱ្យដឹងថា អាជ្ញាធរសន្តិសុខសាធារណៈនឹងប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ រុះរើអង្គការឧក្រិដ្ឋកម្ម និងក្រុមទំនើង ទប់ស្កាត់បណ្តាញមូលនិធិខុសច្បាប់ និងប្រមូលមកវិញនូវប្រាក់ចំណូលនៃឧក្រិដ្ឋកម្ម។
អាជ្ញាធរអយ្យការត្រូវបំពេញការទទួលខុសត្រូវក្នុងការត្រួតពិនិត្យផ្លូវច្បាប់របស់ខ្លួន ដោយពង្រឹងការត្រួតពិនិត្យលើសំណុំរឿង ការស៊ើបអង្កេត និងដំណើរការកាត់ក្តីសំណុំរឿងឧក្រិដ្ឋកម្មលាងលុយកខ្វក់។
នាយកដ្ឋានទាំងបីអាចធ្វើកិច្ចពិគ្រោះយោបល់ទៅលើករណីសំខាន់ៗ ការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងទិន្នន័យធំៗ ដើម្បីបង្កើនកិច្ចសហការអន្តរនាយកដ្ឋានក្នុងការដោះស្រាយករណីទាំងនោះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា