ប៉ូឡូញព្រមាន​បញ្ចប់​ការ​គាំទ្រសម្រាប់​អ៊ុយក្រែន ​ជុំវិញ​បណ្តឹង​របស់ទីក្រុងគៀវទៅកាន់​អង្គការ WTO

0

បរទេស៖ ប្រទេសប៉ូឡូញអាចនឹងឈប់គាំទ្រដល់ប្រទេសអ៊ុយក្រែន ប្រសិនបើមតិសាធារណៈគាំទ្រដល់របបទីក្រុងគៀវ ជុំវិញបណ្តឹងរបស់ប្រទេសអ៊ុយក្រែនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងក្រុម Visegrad (សម្ព័ន្ធមិត្តវប្បធម៌ និងនយោបាយ) មួយចំនួនរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមរដ្ឋមន្ត្រីរបស់ប៉ូឡូញសម្រាប់សហភាពអឺរ៉ុប លោក ហ្ស៊ីម៉ុន ហ្ស៊ីនកូវស្គី វែល សេក បាននិយាយកាលពីថ្ងៃពុធ។

ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងគៀវបានដាក់ពាក្យប្តឹងទៅកាន់អង្គការ WTO ប្រឆាំងនឹងប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី ដោយសារតែការហាមឃាត់របស់ប្រទេសទាំងនោះទៅលើការនាំចូលផលិតផលពីអ៊ុយក្រែន។ កាលពីថ្ងៃអង្គារ អង្គការ WTO បានប្រាប់សារព័ត៌មានស្ពុតនីកថា ទីក្រុងគៀវបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការនេះ ដោយសុំឱ្យមានកិច្ចពិគ្រោះយោបល់មួយទាក់ទងនឹងការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី។

កាលពីល្ងាចថ្ងៃពុធ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាទើស ម៉ូរ៉ាវីកគី បានព្រមានថា ទីក្រុងវ៉ារស្សាវ នឹងពង្រីកបញ្ជីនៃការហាមឃាត់ការនាំចូលពីអ៊ុយក្រែន ប្រសិនបើប្រទេសជិតខាងនឹងធ្វើឱ្យមានជម្លោះកាន់តែខ្លាំងឡើង។ លោកបាននិយាយបន្ថែមថា ប្រទេសប៉ូឡូញបានបដិសេធរាល់បណ្តឹងទាំងអស់ និងដំណើរការផ្លូវច្បាប់ផ្សេងៗទៀតដែលត្រូវបានប្រើប្រាស់ដើម្បីប្រឆាំងនឹងវា ខណៈដែលបានចោទប្រកាន់ទីក្រុងគៀវពីការខកខានមិនបានយល់ថា តើឧស្សាហកម្មកសិកម្មរបស់ប្រទេសប៉ូឡូញកំពុងមានអស្ថិរភាពប៉ុណ្ណា។

កាលពីថ្ងៃទី១៥ ខែកញ្ញា គណៈកម្មការអឺរ៉ុបបានប្រកាសថា ខ្លួននឹងលុបចោលការហាមឃាត់ទៅលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលលើកលែងពន្ធដល់រដ្ឋជាសមាជិកចំនួន៥ នៅជាប់ព្រំដែនអ៊ុយក្រែន ក៏ដូចជាការទាមទារដែលទីក្រុងគៀវណែនាំសម្រាប់គ្រប់គ្រងការនាំចេញ។ បន្ទាប់ពីសេចក្តីសម្រេចនេះ ប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី បានប្រកាសថា ពួកគេកំពុងបន្តការហាមឃាត់ជាឯកតោភាគី។ ជាការឆ្លើយតប ទីក្រុងគៀវបានគំរាមហាមឃាត់ការនាំចូលទំនិញមួយចំនួនពីប៉ូឡូញ និងហុងគ្រី៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា