បរទេស៖ ក្រសួងសុខាភិបាលឡាវបានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៩ ខែកញ្ញា ដោយបញ្ជាក់អំពីករណីដំបូងនៃជំងឺអុតស្វានៅក្នុងប្រទេសនោះ ហើយបានស្នើឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្ន និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
យោងតាមសេចក្តីជូនដំណឹងនោះបានឱ្យដឹងថា ជំងឺអុតស្វាដែលត្រូវបានរកឃើញជាលើកដំបូងនោះ គឺជាករណីនាំចូល។
នាយកដ្ឋានសុខាភិបាលនៅទូទាំងប្រទេសត្រូវបានជំរុញឱ្យពង្រឹងការងារបង្ការ និងទប់ស្កាត់ជំងឺ ដោយផ្តោតសំខាន់នៅតាមមូលដ្ឋានព្រំដែនដើម្បីឆ្លើយតបនឹងជំងឺនេះ។
ទន្ទឹមនឹងនោះដែរ មន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ត្រូវរាយការណ៍ទៅសមត្ថកិច្ចជំនាញ ប្រសិនបើរកឃើញអ្នកជំងឺណាដែលមានអាការៈគ្រុនក្តៅ និងមានស្នាមអុជដែលមើលទៅដូចជាមុន ឬពងបែក។
ក្រៅពីធ្វើឱ្យប្រាកដថា សម្ភារៈបរិក្ខារ និងសម្ភារៈពេទ្យគ្រប់គ្រាន់សម្រាប់ការងារស្រាវជ្រាវ និងបង្ការជំងឺ មូលដ្ឋានទាំងអស់គួរតែពង្រឹងការងារទំនាក់ទំនងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់នៃជំងឺអុតស្វា ក៏ដូចជាវិធានការទប់ស្កាត់ជំងឺនេះផងដែរ។
ជំងឺអុតស្វា (Mpox) អាចឆ្លងដល់មនុស្សនៅពេលដែលពួកគេប៉ះពាល់រាងកាយផ្ទាល់ជាមួយសត្វដែលមានមេរោគនោះ។ ជំងឺអុតស្វាត្រូវបានគេរកឃើញជាទូទៅនៅភាគកណ្តាល និងភាគខាងលិចនៃទ្វីបអាហ្រ្វិក ជាកន្លែងដែលមានព្រៃត្រូពិច និងជាកន្លែងដែលមានសត្វដែលអាចផ្ទុកមេរោគនេះ។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នសុខភាពជាសកលសម្រាប់ជំងឺអុតស្វាកាលពីក្នុងខែកក្កដា ឆ្នាំ២០២២។
ការចម្លងពីមនុស្សទៅមនុស្សអាចកើតឡើងតាមរយៈការប៉ះពាល់ដោយផ្ទាល់ ទំនាក់ទំនងរាងកាយដោយផ្ទាល់ រួមទាំងទំនាក់ទំនងផ្លូវភេទ ឬការប៉ះពាល់ជាមួយវត្ថុកខ្វក់ ដូចជាសម្លៀកបំពាក់ ឬគ្រែគេងជាដើម។
ជំងឺនេះចាប់ផ្តើមដូចជាជំងឺមេរោគស្រួចស្រាវមួយចំនួន ដែលមានអាការៈគ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង ហើមកូនកណ្តុរ និងអស់កម្លាំងខ្លាំង។ បន្ទាប់ពី ១ ទៅ ៣ថ្ងៃ អ្នកជំងឺមានកន្ទួលដែលជារឿយៗចាប់ផ្តើមនៅលើមុខ បន្ទាប់មករាលដាលទៅផ្នែកផ្សេងទៀតនៃរាងកាយ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា